(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា រដ្ឋាភិបាលថៃ បាន និងកំពុងបង្វែររឿងអាក្រក់ទាំងអស់ដែលកើតឡើងក្នុងប្រទេសរបស់ខ្លួន មកប្រទេសកម្ពុជាទៅវិញ។
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ បានធ្វើការចោទប្រកាន់ លាបពណ៌ថាកម្ពុជាជាប្រទេសដែលជាប់ប្រទេសសម្បូរទៅដោយ ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញដ៏ធំមួយ លើពិភពលោក ខណៈដែលប្រទេសកំពុងមានរឿងអាស្រូវពាក់ព័ន្ធនឹងរឿងនេះ តែបែរជាបង្វែររឿងនេះដាក់កម្ពុជា។
ឆ្លើយតបទៅរឿងនេះ លោក ប៉ែន បូណា បានបញ្ជាក់ថា ប្រទេសកម្ពុជាមិនដែលបដិសេធថា យើងគ្មានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនោះទេ យើងទទួលស្គាល់ថា ប្រទេសយើងត្រូវបានក្រុមបណ្ដាញឆបោកតាមអនឡាញប្រើប្រាស់ បានសេចក្ដីថាកម្ពុជាជាប្រទេសរងគ្រោះមួយ ក្នុងចំណោមប្រទេសរងគ្រោះជាច្រើនជុំវិញតំបន់នេះ ដែលក្នុងនោះក៏មានប្រទេសថៃផងដែរ។
លោករដ្ឋមន្ត្រី បានបន្តថា ការឆបោកតាមប្រព័ន្ធអនឡាញជារឿងស្មុគស្មាញ ដែលទាមទារឱ្យរដ្ឋាភិបាលប្រទេសនីមួយៗដែលរងគ្រោះ ត្រូវសហការគ្នាយ៉ាងស្អិតរមួតដើម្បីបង្ក្រាប និងទប់ស្កាតល់សកម្មភាពឆបោកនានាក្នុងតំបន់។ ដោយឡែកកម្ពុជាវិញ យើងបានធ្វើកិច្ចការងារនេះយ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត ហើយបានសម្រេចលទ្ធផលយ៉ាងច្រើន។
ជាមួយគ្នានេះ លោក បានគូសបញ្ជាក់ថា កម្ពុជាមានឆន្ទៈនយោបាយមោះមុតក្នុងការប្រយុទ្ធប្រឆាំងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះ ជាក់ស្ដែងយើងមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺជាប្រធានដឹកនាំយន្តការក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មតាមអនឡាញ។
លោក ប៉ែន បូណា បានសង្កត់ធ្ងន់ថា៖ «នាយករដ្ឋមន្ត្រីកម្ពុជា ដែលដឹកនាំកិច្ចការងារនេះ ជានាយករដ្ឋមន្ត្រីដែលមានអំណាចពេញលេញក្នុងការដឹកនាំ ចាត់ចែងការងារ ដោយមិនបាច់ចាំទៅសុំយោបល់ពីយោធាដូចនៅប្រទេសថៃទេ»។
បើតាម លោក ប៉ែន បូណា, ប្រទេសថៃទៅវិញទេ ដែលជាប្រទេសសំបុកនៃឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសថៃ ព្រោះថា បន្ទាប់ពីចោទប្រកាន់កម្ពុជា មិនបានប៉ុន្មានថ្ងៃផង សារព័ត៌មានអន្តរជាតិបានចុះផ្សាយព្រោងព្រាតអំពីឧក្រិដ្ឋកម្មអនឡាញ នៅក្នុងប្រទេសថៃ៕