(សិង្ហបុរី)៖ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុលបេសកកម្មពិសេស បានចូលរួមកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការកសាងសហគមន៍ ដែលរៀបចំដោយលោក Muhammad Faishal Ibrahim រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមុស្លិម និងជាទេសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសិង្ហបុរី។

កិច្ចប្រជុំនេះធ្វើឡើងឆ្លៀតក្នុងឱកាស ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញចូលរួមសន្និសីទលើកទី៣ ស្តីពីសហគមន៍ស្អិតរមួត នៅប្រទេសសិង្ហបុរី ក្រោមអធិបតីភាពលោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី ចាប់ពីថ្ងៃទី២៣ ដល់២៧ ខែមិថុនា ឆ្នាំ២០២៥។

កិច្ចប្រជុំខាងលើ មានប្រតិភូចូលរួមពីប្រទេសកម្ពុជា សិង្ហបុរី ថៃ និងហ្វីលីភីន ដែលផ្តោតសំខាន់លើការចែករំលែកបទពិសោធន៍អំពីការកសាងសហគមន៍ឥស្លាម នៅក្នុងប្រទេសទាំង៤នេះ ដូចជាការគ្រប់គ្រងវិហារឥស្លាម ការអភិវឌ្ឍគ្រួសារ និងផ្តោតសំខាន់ការអភិវឌ្ឍធនធានមនុស្សដែលជាយុវជន។

ក្នុងកិច្ចប្រជុំនេះ ប្រតិភូមកពីបណ្តាប្រទេសនីមួយៗ មានឱកាសចែករំលែកអំពីការគ្រប់គ្រងសហគមន៍របស់គាត់ ក្នុងនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានចែករំលែកពីបទពិសោធន៍ ក្នុងការគ្រប់គ្រងសហគមន៍ឥស្លាមនៅកម្ពុជា និងបានរំលេចពីរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានធ្វើឲ្យកម្ពុជា មានគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា មានសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា ព្រមទាំងពុំដែលមានជម្លោះសាសនាឡើយ។ ទន្ទឹមគ្នាដែរ សហគមន៍ឥស្លាម ត្រូវបានផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់ជូនឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិផងដែរ។

បន្ទាប់ពីបានរៀបរាប់ការចែករំលែកបទពិសោធន៍ពីសំណាក់ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ភាគីប្រទេសសិង្ហបុរី ថៃ និងហ្វីលីភីន បានកោតសសើរពីគោលនយោបាយសុខដុមនីកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា និងអត្ថប្រយោន៍ជាច្រើនដែលរាជរដ្ឋាភិបាលបានផ្តល់ជូនដល់សហគមន៍ឥស្លាមកម្ពុជា។

ជាមួយគ្នានេះ លោក Muhammad Faishal Ibrahim ក៏បានចូលរួមចែករំលែកបទពិសោធន៍របស់សិង្ហបុរី ក្នុងការកសាងសហគមន៍ឲ្យមានការរីកចម្រើន និងបានស្នើឲ្យប្រទេសនីមួយៗ ចាត់តាំងឲ្យមានតំណាង ដើម្បីមានទំនាក់ទំនងគ្នាឲ្យកាន់តែប្រសើរឡើង និងឧស្សាហ៍មានជំនួបជួបគ្នា ដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក៕