(កំពត)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងជារដ្ឋលេខាធិការតំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីប្រតិភូអមដំណើររ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចុះត្រួតពិនិត្យការស្ថាបនាផ្លូវចំនួន២ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ដែលសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group។

ផ្លូវទាំងពីរខ្សែខាងលើ រួមមាន៖ ខ្សែទី១ មានប្រវែង ៩,៦២គីឡូម៉ែត្រ មានសំណង់សិល្បការ្យ លូមូលចំនួន ២២កន្លែង ដែលមានទទឹងផ្លូវ ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ១ម៉ែត្រ ចាក់កៅស៊ូ ១ជាន់ និងកៅស៊ូពីរជាន់ DBST ទទឹង ៦ម៉ែត្រ ដោយឆ្លងកាត់ ឃុំចំនួន៤ គឺ៖ ឃុំសំរោងលើ ឃុំត្រពាំងសាលាខាងលិច ឃុំត្រពាំងសាលាខាងកើត និងឃុំដើមដូង ដែលមានភូមិចំនួន ១៩ភូមិ និងខ្សែផ្លូវទី២ មានប្រវែង ១៦,៥១គីឡូម៉ែត្រ មានសំណង់សិល្បការ្យ លូមូល ៣៦កន្លែង លូប្រអប់ ១កន្លែង ទទឹងផ្លូវ ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ១ម៉ែត្រ ចាក់កៅស៊ូ ១ជាន់ និងកៅស៊ូ២ជាន់ DBST ទទឹង ៦ម៉ែត្រ ដោយឆ្លងកាត់ឃុំចំនួន៣ រួមមាន៖ ឃុំដំបូកខ្ពស់ ឃុំដានគោម និងឃុំសំឡាញ ដែលមានភូមិចំនួន ២៧ភូមិ។

ក្នុងឱកាសចុះពិនិត្យនោះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានណែនាំដល់ក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចំនួន៧ចំណុច រួមមាន៖

*១៖ ត្រូវយកចិត្តទុកដាក់ស្ថាបនាផ្លូវឱ្យមានគុណភាព សុវត្ថិភាព និងសោភ័ណភាព
*២៖ ត្រូវដាក់ស្លាកសញ្ញាសុវត្ថិភាព នៅទីតាំងការដ្ឋាន
*៣៖ ត្រូវធ្វើប្រឡាយរំដោះទឹក សងខាងផ្លូវនៅទីប្រជុំជន ដើម្បី ចៀសវាងការលិចលង់ផ្ទះប្រជាពលរដ្ឋ នារដូវវស្សា
*៤៖ កុំនាំគ្នាចាក់ដីខ្ពស់ជាងផ្លូវ
*៥៖ មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវខិតខំសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួលដោះស្រាយផលប៉ះពាល់ផ្សេងៗ
*៦៖ សូមបងប្អូនប្រជាពលរដ្ឋជឿជាក់ និងទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជុំវិញព្រំដែន ជាមួយថៃ
*៧៖ អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវតែចូលរួមការពារ និងថែរក្សាផ្លូវទាំងពីរខ្សែរនេះ ឱ្យបានគង់វង្សយូរអង្វែង៕