(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដោយ លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត។
ក្នុងកិច្ចការព្រំដែន លោក សុខ លូ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន នៅតាមបណ្តាច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បន្តតាមដានសភាពការណ៍បន្តទៀត ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋ។
លោកបានបន្តថា ការរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥ នៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ជាឱកាសដ៏សាកសមក្នុងលើកកម្ពស់ផលិតផល ផ្លែឈើក្នុងខេត្ត និងគាំទ្រការបង្ករបង្កើនផលដំណាំរបស់កសិករ ក្នុងពេលកំពុងមានបញ្ហាព្រំដែន។
ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥នេះ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ អាចចូលរួមដើម្បីបង្ហាញពីការគាំទ្រផលិតផលក្នុងស្រុក ជួយផ្សព្វផ្សាយពីផលិតផលដែលផលិតបាន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ លោក សុខ លូ បានបន្តណែនាំដល់ក្រុមការងារបន្តដាំកូនឈើ ក្នុងយុទ្ធនាការ «ផ្ទះ១ខ្នង ដើមឈើ១ដើម» បន្តទៀត ដើម្បីលើកសោភ័ណភាពទីក្រុង ទីប្រជុំជន ក្នុងខេត្តបាត់ដំបង បន្តបន្ទាប់ ថែមទៀតផងដែរ៕