(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ដោយមានវត្តមានចូលរួមពីសំណាក់មន្ទីរ អង្គភាពជុំវិញសាលាខេត្តកំពង់ស្ពឺ ប្រម៉ាណជាង៣០០នាក់។
ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ប៉ិនប្រសប់ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុសរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើន ភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព ក្នុងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ជាកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន ដែល ក្នុងនោះស្ត្រីគឺជាស្នូល។ បង្កើនការវិនិយោគលើយេនឌ័រ វិស័យសេដ្ឋកិច្ច វិស័យអប់រំ សុខភាព និងតួនាទីជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិ ក្នុងការសម្រេចចិត្ត ព្រម ទាំងលើកកម្ពស់អន្តរជំនាន់ ។
លោកបណ្ឌិត បានបន្តថា ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ សមភាពយេនឌ័រសិទ្ធិរបស់ស្ត្រី និងក្មេងស្រី រដ្ឋបាលខេត្តបានបង្កើនចំនួនស្ត្រីនៅក្នុង មុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធដឹកនាំនៃរដ្ឋបាលខេត្ត ក្រុងស្រុក មន្ទីរអង្គភាព នឹងបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី ទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី អំពើជួញដូរមនុស្សចាត់វិធានការក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យនានាដែល ប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រីនៅតាមប្រព័ន្ធបច្ចេក វិទ្យានិងអនឡាញ ។
លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា «ស្នើសុំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការជាតិ និងអន្តរ ជាតិពាក់ព័ន្ធនានា សូមបង្កើនការយកចិត្តទុកដាក់លើកកម្ពស់តួនាទីស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយបរិយាបន្ន អាចធ្វើអោយពួកគេបានចូលរួមយ៉ាងសកម្ម និងប្រកបដោយសុវត្ថិភាពក្នុងវិស័យ សេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈការប្រកបមុខរបរ និងអាជីវ កម្មជាដើម»។
លោកបណ្ឌិត បានអំពាវនាវឲ្យសមាជិក សមាជិកា សមាគមនារី ត្រូវយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចខាងក្រោម៖
១៖ បន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ពង្រឹងរបៀបរបបធ្វើការ ការទទួល ខុសត្រូវទៅដល់ថ្នាក់ដឹកនាំឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់ខេត្ត ក៏ដូចជាផែនការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ។
២៖ ត្រូវការពារផលប្រយោជន៍របស់ស្ត្រី និងពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជាស្ត្រីតាមរយៈការបណ្តុះបណ្តាលជំនាញ ជាពិសេសការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យាដើម្បីស្ត្រីមានលទ្ធភាពបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ក្នុងយុគសម័យឌីជីថល។
៣៖ ពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសមាជិកសមាគមនារីក្នុងខេត្តឲ្យបានច្រើន និងខិតខំចលនារកធនធាន និងថវិកាសម្រាប់គាំទ្រដល់សកម្មភាពនារី។
៤៖ ពង្រឹងសាមគ្គីភាព មិត្តភាព រក្សាទំនាក់ទំនងជិតស្និតរវាងថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងខេត្តដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ ។
៥៖ ត្រូវឈ្វេងយល់រាល់ចំណុចសកម្ម និងបញ្ហាប្រឈម ដែលកើតមាននៅក្នុង ជួរស្ត្រីជាថ្នាក់ដឹកនាំ និងក្នុងស្រទាប់មហាជនជានារី និងមានវិធានការដោះស្រាយ ។
៦៖ ពង្រឹង និងថែរក្សានូវស្មារតីសាមគ្គីភាពឯកភាពគ្នាអំពីទស្សនៈគោលជំហរនយោបាយសតិអារម្មណ៍ឲ្យកាន់តែរឹងមាំ៕