(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ មួយថ្ងៃពេញ ដែលមានទាំងការធ្វើបទបង្ហាញ និងសួរសំណួរ ចម្លេីយ ធ្វើឲ្យមន្ត្រី ដែលទទួលការបណ្តុះបណ្តាល ទទួលបានចំណេះដឹងជាង៨០%។
វគ្គបណ្តុះបណ្តាលនេះ បានបិទបញ្ចប់នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក សក់ សេដ្ឋា ទេសដ្ឋមន្ត្រីទទួលបេសកកម្មពិសស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីនៅថ្នាក់ក្រោមជាតិ ជិត២០០នាក់។
បន្ទាប់ពីដំណេីរវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី មួយថ្ងៃពេញនេះ មានទាំងការធ្វើបទបង្ហាញ និងសួរសំណួរ ចម្លេីយ មន្ត្រីបានទទួលបានចំណេះជាង៨០% ពោលគឺនៅមុនវគ្គបណ្តុះបណ្តាល មន្ត្រីមានចំណឹងដឹង ប្រមាណជាង៥០% ហើយក្រោយការបណ្តុះបណ្តាល តាមរយៈការស្ទង់មតិឃេីញថា បានបង្កេីនចំណេះដឹងបានជាង៨០%។
វគ្គបណ្តុះបណ្តាលបានបង្រៀនពីការចែករំលែក តួនាទី ភារកិច្ចមន្ត្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ការរៀបចំវេទិកាសាធារណៈ រៀបចំទម្រង់របាយការណ៍អំពីសកម្មភាពការងារចុះមូលដ្ឋានរាជធានីជាដើម។
លោក សក់ សេដ្ឋា បានលើកឡើងថា ការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ពាក់ព័ន្ធនឹងតួនាទី ភារកិច្ច របៀបរបបការងាររបស់លេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋានឱ្យបានត្រឹមត្រូវ និងមានគុណភាព កាន់តែល្អប្រសើរជាងមុន។
លោក សក់ សេដ្ឋា បានបន្តថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនាពេលកន្លងមក រាជរដ្ឋាភិបាលបានចាត់តាំងសមាជិក សមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង ស្ថាប័ន និងមន្ត្រីរាជការ នៅថ្នាក់ក្រោមជាតិ ឲ្យបង្កើតឡើងនូវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ហើយការបង្កើតឲ្យមានក្រុមការងារនេះ គឺដើម្បីពង្រឹង អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បានបម្រើប្រជាពលរដ្ឋចំគោលដៅដែលពួកគាត់ចង់បាន៕