(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរក្នុងផ្សារឆងចម ប្រទេសថៃ និងប្រជាពលរដ្ឋថៃ ដែលជាអាជីវករទិញដំឡូងមី នៅកម្ពុជា ត្រូវបានសមត្ថកិច្ចកម្ពុជា-ថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានឯកភាពគ្នាបើកច្រកព្រំដែនរយះពេលប្រមាណ៣០នាទី ដើម្បីឱ្យពួកគាត់បានឆ្លងកាត់ ទៅមកប្រទេសរៀងៗខ្លួនក្នុងន័យមនុស្សធម៌។
លោក ឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ថា ដោយបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ សមត្ថកិច្ចកម្ពុជា-ថៃ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានឯកភាពគ្នាបើកច្រករយះពេលប្រមាណ៣០នាទី ជូនប្រជាពលរដ្ឋទាំងសងខាងបានឆ្លងកាត់ចូលប្រទេសរៀងខ្លួន។
លោកប្រធានច្រកបានថ្លែងបញ្ជាក់ទៀតថា មូលហេតុដែលសមត្ថកិច្ចកម្ពុជា-ថៃ ឯកភាពសម្របសម្រួលបើកច្រកព្រំដែនរយះពេលខ្លីជូនប្រជាពលរដ្ឋបានឆ្លងកាត់ ដោយសារថ្ងៃបើកច្រកម្សិលមុិញ ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរក្នុងផ្សារឆងចម ប្រទេសថៃ បានចូលទៅលក់ដូរក្នុងផ្សារថៃដូចធម្មតា ចំណែកប្រជាពលរដ្ឋថៃ បានបើករថយន្តប្រមាណ១០គ្រឿង ចូលមកដឹកដំឡូងនៅខេត្តឧត្តរមានជ័យដូចធម្មតាដែរ លុះដល់កំណត់ម៉ោងបិទច្រក ធ្វើឱ្យពួកគាត់មិនអាចឆ្លងមកប្រទេសរៀងខ្លួនបាន ទើបយើងសម្រួលគ្នាឱ្យពួកគាត់បានឆ្លងកាត់រយះពេលខ្លីនៅរសៀលថ្ងៃនេះ។
លោកបានបន្តប្រាប់ឱ្យដឹងទៀតថា៖ទាក់ទងនឹងការបើក បិទ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បើមិនមានគោលការណ៍ណែនាំថ្មីទេ ភាគីកម្ពុជានៅបន្តអនុវត្តគោលការណ៍ចាស់ដដែលបន្ទាប់ពីថៃបិទនិងបើកច្រកទ្វាររយ:ពេល៣ថ្ងៃជាឯកតោភាគី ពីភាគីថៃ គឺក្នុង១សប្តាហ៍ចំនួន៣ថ្ងៃ គីថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ពីម៉ោង០៩.០០នាទីព្រឹក រហូតដល់ម៉ោង០៣.០០រសៀលដដែល។
បើទោះបីជាល្ងាចម្សិលមិញយោធភូមិភាគ២ថៃ ប្រកាសបើកច្រកជាធម្មតាឡើងវិញក៏ដោយ , ប៉ុន្តែការបើកច្រកឡើងវិញនេះភាគីថៃបែរជារឹតបន្តឹង និងហាមមិនឲ្យមនុស្ស រថយន្ត ទេសចរណ៍ រថយន្តដឹកទំនិញ ឆ្លងកាត់ទៅវិញ ដោយយោងលើសភាពការណ៍សន្តិសុខព្រំដែន ដោយអនុញ្ញាតឲ្យចូលតែអ្នកជំងឺសង្គ្រោះបន្ទាន់និងសិស្សសាលាតែប៉ុណ្ណោះ។
ប៉ុន្តែសម្រាប់ភាគីកម្ពុជាយើង អ្វីៗប្រែប្រួលយ៉ាងណានោះគឺយើងនៅតែរង់ចាំគោលការណ៍ថ្មីពីថ្នាក់លើដើម្បីអនុវត្តបន្តគ្រប់ពេលវេលា៕