(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដឹកនាំដោយលោក Paulo Gaspar Rodrigues នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនារសៀលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃដំណើរការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងចំណុចគន្លឹះពាក់ព័ន្ធនានា សំដៅលើកកម្ពស់ កិច្ចសហការឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត រវាងផ្នែករដ្ឋ និងក្រុមហ៊ុនផ្ទាល់។
តាមរយៈជំនួបនេះលោកនាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក ដែលមានគុណភាព និងកម្លាំងផលិតភាពស្របទៅតាមតម្រូវការផលិតកម្មរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា សំដៅជាចំណែកដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការសាទរចំពោះការលើកឡើងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងបានជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចថែទាំគាំទ្រការវិនិយោគឯកជនដែលកំពុងដំណើរការនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាកត្តាដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ ជាមួយគ្នានេះដែរ ការទិញធាតុចូល ឬប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក វិនិយោគិននឹងទទួលបានការលើកចិត្តបន្ថែម ដែលនេះគឺជាការលើកទឹកចិត្តមួយក្នុងចំណោមយន្តការលើកទឹកចិត្តជាច្រើនដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីទាក់ទាញ និងជំរុញការវិនិយោគប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព៕