(ភ្នំពេញ)៖ លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ការដាក់ឱ្យដំណើរការ «ការអនុវត្តថ្នាលគាំពារសង្គមឌីជីថលជំនាន់ទី២.០ ក្នុងខេត្តកំពង់ចាម» ជាបង្គោលចរណ៍មួយដ៏សំខាន់នៃដំណើរបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួលដល់រដ្ឋបាលឃុំ សង្កាត់ និងដើម្បីធ្វើឱ្យការបើកផ្ដល់អត្ថប្រយោជន៍គាំពារសង្គមដល់ពលរដ្ឋគោលដៅ បានទាន់ពេលនិងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ២០២៤-២០២៨ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ជាពិសេសអនុក្រឹត្យស្ដីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម។
ការលើកឡើងបែបនេះរបស់លោកស្រី ប៉ែន សុបភា បានធ្វើឡើងក្នុងឱកាសលោកស្រីអញ្ជើញជាអធិបតីដាក់ឱ្យដំណើរការ «ការអនុវត្តថ្នាលគាំពារសង្គមឌីជីថល ជំនាន់ទី២.០ ក្នុងខេត្តកំពង់ចាម» នៅសាលាខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពង់ចាម, និងដៃគូអភិវឌ្ឍន៍នានា។
ថ្នាលគាំពារសង្គមឌីជីថល ជំនាន់ទី២.០ ជាថ្នាលឌីជីថលរួមដែលមានលក្ខណៈសមាហរ័ណ និងត្រូវបានអភិវឌ្ឍសម្រាប់ធ្វើអន្តរប្រតិបត្តិការក្នុងការចុះបញ្ជី និងផ្ទៀងអត្តសញ្ញាណប្រជាជនគោលដៅនិងអត្ថគាហកក្នុងប្រព័ន្ធគាំពារសង្គម ជាមួយនឹងមុខងារសំខាន់ៗ ដូចជាការចុះបញ្ជីអត្តសញ្ញាណរួម, ការចុះបញ្ជីទៅក្នុងកម្មវិធីជាតិជំនួយសង្គមនិងរបបសន្តិសុខសង្គម, ផ្ទៀងអត្តសញ្ញាណ និងសិទ្ធិនៃប្រជាជនគោលដៅ និងអត្ថគាហក, ធ្វើយថាភូតកម្មដោយប្រើប្រាស់ទិន្នន័យជីវមាត្រ, និងមុខងារពិនិត្យ និងតាមដានទិន្នន័យស្ទួន ដោយធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធចុះបញ្ជីនីមួយៗ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ជាមួយគ្នានេះ, ថ្នាលគាំពារសង្គមឌីជីថល ជំនាន់ទី២.០ ក៏បានបំពាក់បន្ថែមពីលើថ្នាលគាំពារសង្គមឌីជីថល ជំនាន់ទី១.០ នូវបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ក្នុងគោលបំណងពន្លឿនដំណើរការចុះបញ្ជី និងពង្រឹងគុណភាពទិន្នន័យដែលធ្វើការវាយបញ្ចូលដោយដៃ, ព្រមទាំងមុខងារជាច្រើនទៀតដើម្បីបំពេញបន្ថែម និងសម្រួលប្រតិបត្តិការចុះបញ្ជី។
បច្ចុប្បន្ន, មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថល ជំនាន់ទី២.០ កំពុងមានការចូលរួមអនុវត្តដោយនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការ, បេឡាជាតិសន្តិសុខសង្គម, ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, មូលនិធិជាតិជំនួយសង្គម, នាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ។
លោកស្រីរដ្ឋលេខាធិការ បានថ្លែងថា ការដាក់ឱ្យដំណើរការនេះ ជាការបោះជំហានថ្មីមួយដ៏សំខាន់ក្នុងដំណើរនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ និងជាបន្តបន្ទាប់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧ បនា យ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងស្របតាមស្មារតី សមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥, លើការគិតគូរផ្នែកប្រព័ន្ធទិន្នន័យ និងបច្ចេកវិទ្យាឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម, ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម បានដាក់ឱ្យដំណើរការថ្នាលគាំពារសង្គមឌីជីថល ជំនាន់ទី២.០ និងរៀបចំពង្រីកវិសាលភាពជាជំហានៗដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងតម្លាភាពបន្ថែមទៀត សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម តាមរយ:ការធ្វើអន្តរប្រតិបត្តិការរវាងប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យរបស់ប្រតិបត្តិករគាំពារសង្គម ដែលអនុញ្ញាតឱ្យមានការចែករំលែកទិន្នន័យគ្នាទៅវិញទៅមកលើថ្នាលឌីជីថលរួម សំដៅផ្សារភ្ជាប់ប្រព័ន្ធទាំងអស់ឱ្យក្លាយជាប្រព័ន្ធអេកូឡូស៊ីរួម។
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានបន្តថា ជាមួយនឹងវឌ្ឍនភាពនេះការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជាបានបោះជំហានទៅមុខយ៉ាងល្អប្រសើរ និងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃប្រកបដោយភាពប្រាកដនិយម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដោយមានការចូលរួមសហការអនុវត្តប្រកបដោយស្មារតីបុរេសកម្មរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, និងគ្រប់តួអង្គពាក់ព័ន្ធ។ ជាមួយនឹងវឌ្ឍនភាពនេះ, កម្ពុជានឹងមានមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គមមួ យ ដែលធ្វើឱ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រងសភាពការណ៍ទល់នឹងវិបត្តិនានាបានយ៉ាងល្អប្រសើរ និងកា ត់បន្ថយផលប៉ះពាល់អវិជ្ជមានឱ្យនៅក្នុងកម្រិតអាចគ្រប់គ្រងបាន តាមរយៈការដាក់ចេញនូវវិធានការអ ន្តរាគមន៍ចាំបាច់នានា, ទាំងក្នុងផ្នែកបច្ចេកទេស និងផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ប្រកប ដោយជោគជ័យ, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាពខ្ពស់។ ទន្ទឹមនេះ, កិច្ចការបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ក៏បាន និងកំពុងរួមចំណែកជាកាតាលីករគាំទ្រយ៉ាងសំខាន់ដល់ការអនុវត្តកម្មវិធីជាតិជំនួយស ង្គម និងរបបសន្តិសុខសង្គម តាមរយៈការគ្រប់គ្រងបាននូវទិន្នន័យចុះបញ្ជី និងប្រតិបត្តិការផ្ដល់សេវាគាំពារសង្គមនានាប្រកបដោយបរិយាបន្ន, តម្លាភាព, ប្រសិទ្ធិភាព, ស្វ័យប្រវត្តិកម្ម, និងទាន់ពេល។
ភ្ជាប់ជាមួយសមិទ្ធផលនេះ, លោកស្រីក៏បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់ក្រសួង-ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ឱ្យបន្តច លនានៃកិច្ចសហការចូលរួមប្រើប្រាស់ មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារស ង្គ មឌីជីថល ជំនាន់ទី២.០ ដើម្បីបម្រើដល់ការចុះបញ្ជី និងកាត់បន្ថយបន្ទុក និងសម្ពាធរបស់មន្ត្រីមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលជាអ្នកអនុវត្តជាមួយនឹងឌីជីថលូបនីយកម្មពេញលេញ ដើម្បីបង្កើនប្រសិទ្ធភាព និងពង្រីកវិសាលភាពបន្ថែម ជាជំហានៗ។
លោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខក្រុមប្រឹក្សាជាតិគាំពារសង្គម និងពង្រីកវិសាលភាពដាក់ឱ្យប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថល ជំនាន់ទី២.០ ឈានទៅ១៣ខេត្ត ក្នុងឱកាសនេះដែរ ក្រុមប្រឹក្សាជាតិគាំពារសង្គមក៏បានផ្តល់ជូននូវឧបករណ៍សម្ភារៈឌីជីថលចំនួន ១ ឈុតសម្រាប់ឃុំ/សង្កាត់នីមួយៗរួមមាន កុំព្យូទ័រយួរដៃ ដែលមានសមត្ថភាពប្រតិបត្តិការកម្រិតខ្ពស់ និងមានភាពធន់, កាំមេរ៉ាថតរូប និងថតឯកសារកម្រិត Full HD, និងម៉ាស៊ីនបោះពុម្ពឯកសារនិងបណ្ណ Color ព្រមទាំងឧបករណ៍មួយចំនួនទៀត ជូនដល់ ឃុំ/សង្កាត់ចំនួន១០៩ នៃខេត្តកំពង់ចាម។ ឧបករណ៍សម្ភារៈឌីជីថលទាំងនេះ នឹងបម្រើដល់ការគាំទ្រការអនុវត្តមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថល ជំនាន់ទី២.០ ក៏ដូចជាបម្រើដល់ការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ នៅតាមឃុំ/សង្កាត់នីមួយៗ៕