(កំពង់ឆ្នាំង)៖ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ជាក់ស្តែង ប្រជាសហគមន៍ស្លែង ខេត្តកំពង់ឆ្នាំង បានរៀបចំថ្នាលបណ្តុះកូនឈើ ដែលជាការចូលរួមចំណែកមួយក្នុងការជំរុញចលនាពន្លកបៃតង បង្កើនគម្របព្រៃឈើឱ្យបានច្រើន ដើម្បីកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ពីមូលហេតុដែលក្រសួងបរិស្ថាន ជំរុញឱ្យបណ្តុះគំនិតបៃតង គឺធ្វើឡើងតាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣ - ២០២៨ ដែលមានសរសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ចំណុចទី២ នៃសរសរស្តម្ភ លើភាបៃតងនេះ គឺក្រសួងបរិស្ថាន ត្រូវអនុវត្តន៍ និងជំរុញឱ្យមានចលនាបណ្តុះគំនិត និងចែកកូនឈើឱ្យប្រជាពលរដ្ឋយកទៅដាំ ឱ្យបានច្រើន។ ការបណ្តុះគំនិតស្រលាញ់ ភាពស្អាតដល់ស្រទាប់យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ និងយុទ្ធនាការផ្សេងៗទៀតដើម្បីឈានទៅ សម្រេចបាននូវភាពស្អាត ភាពបៃតង និងចីរភាពសម្រាប់កម្ពុជាផងដែរ ជាក់ស្តែង ដូចជាការចូលរួមដាំកូនឈើ កន្លងមក នៅក្នុងយុទ្ធនាការ ដាំដើមឈើ១លាន ដើមក្នុង១ឆ្នាំ របស់ក្រសួងបរិស្ថាន។

អ្នកនាំពាក្យនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា៖ «ចំណុចសំខាន់ និងគួរឱ្យកោតសរសើរនោះ គឺប្រជាពលរដ្ឋ និងប្រជាសហគមន៍រស់នៅតំបន់ការពារធនធានធម្មជាតិ បានរៀបចំជាថ្នាលបណ្តុះកូនឈើដោយខ្លួនឯងនេះ គឺមានអត្ថន័យ ដ៏ធំធេង គាត់រស់នៅជាមួយព្រៃឈើ គ្រួសារគាត់ពឹងពាក់ទៅលើព្រៃឈើ ដើម្បីចិញ្ចឹមជីវិត អ៊ឹចឹងការណាពួកគាត់បានចូលរួមក្នុងការបណ្តុះកូនឈើនៅតាមសហគមន៍ គាត់យកទៅដាំស្តារព្រៃនៅក្នុងសហគម៍របស់គាត់ ពោលគឺបានបណ្តុះគំនិតឱ្យពួកគាត់ និងកូនចៅស្រឡាញ់ដើមឈើ និងគេចពីការប្រកបរបរចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃ»។

លោក ខ្វៃ អាទិត្យា បានប​ន្ថែមថា គម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានចូលរួមលើកទឹកចិត្ត និងជំរុញឱ្យប្រជាសហគមន៍បណ្តុះកូនឈើចម្រុះ ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំជាបណ្តើរៗ។

​បើតាមអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ជាមួយនឹងការពន្យល់ អប់រំ និងបណ្តុះគំនិតឱ្យស្រឡាញ់ព្រៃឈើ ជាពិសេសការរៀបចំផ្នត់គំនិតឱ្យចេះបណ្តុះកូនឈើដើម្បីទៅដាំនឹងធ្វើឱ្យពួកគាត់ទទួលបានចំណូលបន្ថែមពីកូនឈើ ព្រមទាំងតាមរយៈទេសចរណ៍ធម្មជាតិ, ការជាមគ្គុទេសក៏ចរណ៍ ដាំបន្ថែមធម្មជាតិ ចិញ្ចឹមសត្វ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់របស់ពួកគាត់ជាដើម។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា ក្រសួងបរិស្ថានបានរៀបចំថ្នាលបណ្ដុះកូនឈើប្រចាំតំបន់ចំនួន៥ខេត្ត មានដូចជា៖ ខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរី ដើម្បីជំរុញការដាំដុះដើមឈើឱ្យបានច្រើន គ្រាដែលក្នុងផែនការគ្រោងដាំស្តារព្រៃឈើឡើងវិញឱ្យបាន៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០៕