(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងទ័ពជើងគោក ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃជំនួបពិភាក្សាការងាររបស់ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជាមួយនាយឧត្ដមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរ៊ិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្នុងជំនួបនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាង កម្ពុជា-ជប៉ុន ដែល បានបង្កើតតាំងពីឆ្នាំ១៩៥៣ និងបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ ដែលមានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានចូលរួមស្វែងរកសន្តិភាព និងរក្សាសន្តិភាពនៅកម្ពុជា និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក្រសួងការពារជាតិ កងស្វ័យការពារជប៉ុន ដែលតែងតែបានផ្តល់ជំនួយជាសម្ភារ និងវគ្គហ្វឹកហ្វឺនដល់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងកងទ័ពជើគោក និយាយដោយឡែក។

ជាការឆ្លើយតប នាយឧត្ដមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរ៊ិ (MORISHITA YASUNORI) បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសពលោកព្រឹន្ទបាលឯក សួន រ៉េន និងបានថ្លែងអំណរគុណចំពោះការរៀបចំបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ។ លោកបានបញ្ជាក់អំពី គោលបំណងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងនាយឧត្ដមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHIT YASUNORI) ក៏បានពិភាក្សាអំពី កាងាររកសាង សាលាបញ្ជូនសារ និង សាលាគីមីសាស្ត ចំណុះឲ្យកងទ័ពជើងគោក ដោយកងស្វ័យការពារជើងគោកជប៉ុន បានឯកភាពជាគោលការណ៍ក្នុងការជួយ បណ្តុះបណ្តាលយោធាចារ្យ កម្មវិធី និងខ្លឹមសារហ្វឹកហ្វឺន ព្រមទាំងសម្ភារបច្ចេកទេស។

បន្ថែមពីនេះ លោកមេបញ្ជាការទាំងពីរ ក៏បានឯកភាពពិនិត្យលទ្ធភាពលើ សកម្មភាពកិច្ចសហ ប្រតិបត្តិការមួយចំនួនរួមមាន៖ ទី១៖ ការរៀបចំសមយុទ្ធទ្វេភាគី ក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ (HADR) ទី២៖ ការលោតឆត្រយោងមិត្តភាព និងទី៣៖ ការផ្លាស់ប្តូរនាយទាហានវ័យក្មេង៕