(ភ្នំពេញ)៖ ក្រុមការងាររបស់សាកលវិទ្យាល័យវេស្ទលន បានចុះទៅជួបសំណេះសំណាលសិស្សានុសិស្សនៃវិទ្យាល័យព្រែកលាប ដើម្បីបង្ហាញទិស និងលើកទឹកចិត្ត ចំពោះការជ្រើសរើស នូវមុខវិជ្ជាសិក្សារបស់ខ្លួន នៅឯសាកលវិទ្យាល័យឲ្យចំទិសដៅ និងឈានទៅការចាប់យកអាជីពត្រឹមត្រូវរបស់ខ្លួន ដើម្បីរួមគ្នាកសាងធនធានមនុស្សខ្លាំងកម្ពុជា ឈានទៅដល់ការជួយកសាងប្រទេសជាតិ ឲ្យរីកចម្រើនទៅមុខជាលំដាប់ ។

លោក លឹម ខេវិន តំណាងសាកលវិទ្យាល័យវេស្ទលន បានឲ្យដឹងថា នេះយុទ្ធនាការ «សាកលវិទ្យាល័យខ្ញុំ ជំនាញខ្ញុំ»។ ក្រុមការងារបានចុះទៅជួបប្អូនៗនៅវិទ្យាល័យព្រែកលៀប ដែលប្អូនៗបានទទួលបានឱកាសអាហារូបករណ៍ និងព័ត៌មានអំពីជំនាញអាជីពដែលត្រូវជ្រើសរើសនៅថ្នាក់សាកលវិទ្យាល័យ។

លើសពីនេះ ប្អូនៗក៏បានជួប និងទទួលបានការតម្រង់ទិសពិសេសដោយផ្ទាល់ពីថ្នាក់ដឹកនាំ រួមទាំងព្រឹទ្ធបុរស និងព្រឹទ្ធបុរសរងតាមវិទ្យាល័យ និងជំនាញ អ្វីដែលកាន់តែរំភើបនោះគឺ ថ្ងៃនេះជាថ្ងៃបញ្ចប់នៃយុទ្ធនាការណ៍ ចុះតាមវិទ្យាល័យរបស់សាកលវិទ្យាល័យវេស្ទើន ដែលកម្មវិធីនេះទទួលការគាំទ្រ និងចូលរួមសហការពីមន្ទីរអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រពីលោកនាយក និងគណៈគ្រប់គ្រងតាមវិទ្យាល័យទាំងអស់ដែលសាកលវិទ្យាល័យវេស្ទើនបានទៅដល់។

លោកអះអាងថា យុទ្ធនាការនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែខសភា ឆ្នាំ២០២៥ តាមបណ្តាវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ ចំនួន២១វិទ្យាល័យ ដែលក្នុងនោះថ្នាក់ដឹកនាំ និងព្រឹទ្ធបុរស ឬព្រឹទ្ធបុរសរង បានជួបផ្ទាល់ជាមួយសិស្សថ្នាក់ទី១២ ប្រមាណជិត១០,០០០នាក់ ដែលកំពុងត្រៀមខ្លួនចូលទៅបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

លោកបន្តថា យុទ្ធនាការ «សាកលវិទ្យាល័យខ្ញុំ ជំនាញខ្ញុំ» បានបិទបញ្ចប់ដោយជោគជ័យ និងទទួលបានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា រួមទាំងគណៈនាយកគ្រប់វិទ្យាល័យ ចំនួន២១វិទ្យាល័យ ក្នុងរាជធានីភ្នំពេញ៕