(ភ្នំពេញ)៖ សភាអ៊ីរ៉ង់បានអនុម័តជាឯកច្ឆ័ន្ទក្នុងការសម្រេចបិទច្រកសមុទ្រ HORMUZ តែការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើ ឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ និងមេដឹកនាំកំពូល Ayatollah Khamenei ។ ការសម្រេចចិត្តបិទច្រកសមុទ្រដ៏សំខាន់នៃមជ្ឈិមបូព៌ាមួយនេះ ជាការឆ្លើយតបទៅអាមេរិកក្រោយវាយប្រហារកម្ទេចមូលដ្ឋាននុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់រួចមក។
* អ្វីទៅច្រកសមុទ្រ Hormuz ?
ច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកដ៏តូចចង្អៀត និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលតភ្ជាប់ឈូងសមុទ្រពែក្ស ទៅកាន់ឈូងសមុទ្រអូម៉ង់ និងចុងក្រោយទៅកាន់សមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌា។ វាស្ថិតនៅចន្លោះអ៊ីរ៉ង់នៅខាងជើង និងអារ៉ាប់រួម (UAE) និងអូម៉ង់នៅភាគខាងត្បូង។
* ហេតុអ្វីច្រកតូចចង្អៀតមួយនេះសំខាន់ខ្លាំងម្ល៉េះ?
វាជាការពិតតំបន់មជ្ឈិមបូព៌ាប្រៀបបានទៅនឹងរោងចក្រផលិតប្រេង និងឧស្ម័នធម្មជាតិរបស់ពិភពលោកអ៊ីចឹងដែរ ត្បិតថាតំបន់មួយនេះក្តាប់បានការនាំចេញប្រេងប្រមាណជា ៣១.១% នៃប្រេងដែលបានប្រើប្រាស់ក្នុងពិភពលោកក្នុងឆ្នាំ២០២៣ ហើយបើគិតជាបារ៉ែលវិញក្នុងមួយថ្ងៃ មជ្ឈិមបូព៌ាផលិតប្រេងបានប្រហែល ៣០.៤លានបារ៉ែលឯណោះក្នុងឆ្នាំ២០២៣ នេះបើយោងតាមគេហទំព័រ Statista ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។ ប្រទេសនៅតំបន់មួយនេះ ដែលពេលខ្លះគេហៅថាប្រទេស «ស្តេចប្រងកាត» ទៀតផងរួមមានជាអាទិ៍៖ អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់ អារ៉ាប់រួម និងគុយវ៉ែតជាដើម។ ហើយមធ្យោបាយនាំប្រេង និងឧស្ម័នរបស់ស្តេចប្រេងកាតទាំងអស់នេះទៅកាន់ទីផ្សារពិភពលោកខាងក្រៅគឺតាមរយៈច្រកសមុទ្រ Hormuz នេះជាចម្បងតែម្តង។ បើយោងតាមសាព័ត៌មាន BBC ច្រកសមុទ្រ Hormuz នេះខ្លួនឯងក្តាប់បានប្រហែល២០% ឯណោះនៃប្រេង និងឧស្ម័នរបស់ពិភពលោកដែលបានដឹកឆ្លងកាន់ច្រកមួយនេះ។
* លទ្ធភាពកើនឡើងតម្លៃប្រេងឥន្ធនៈ និងឧស្ម័នធម្មាជាតិជាសកល!
ការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការបិទច្រកសមុទ្រមួយនេះនឹងរុញឲ្យទីផ្សារប្រេង និងឧស្ម័នធម្មជាតិពិភពលោកហក់ឡើងដោយចៀសមិនផុត អ្នកដែលរងគ្រោះជាងគេគឺ អាស៊ី និងអ៊ឺរ៉ុបនេះតែម្តង។ ទីផ្សារប្រេងអាចកើនឡើងគួរឲ្យកត់សម្គាល់បើស្ថានការណ៍នៅមជ្ឈិមបូព៌ា នៅតែបន្តក្តៅបែបនេះបន្តទៀត។ បាតុភូតនេះធ្លាប់បានកើតឡើងម្តងរួចមកហើយកាលពីឆ្នាំ២០១១-២០១២ ដែលកាលនោះ អ៊ីរ៉ង់បានគំរាមបិទច្រកសមុទ្រនេះ ក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ដែលផ្តោតលើការនាំចេញប្រេង និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ទោះបីជាមិនមានការបិទពិតប្រាកដក៏ដោយ ក៏ទីផ្សារប្រេងពិភពលោកមានការកើនឡើងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តដោយនៅក្នុងឆ្នាំ២០១០ ឃើញថា ឧស្សាហកម្មប្រេងធ្លាក់ចុះនៅដើមឆ្នាំ ដោយតម្លៃធ្លាក់ចុះពី ៨៨ដុល្លារទៅ ៧០ដុល្លារក្នុងមួយបារ៉ែល រយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្នុងខែឧសភា។ ក៏ប៉ុន្តែគ្រាន់តែបញ្ហានៅមជ្ឈិមបូព៌ាឡើងកម្តៅ នៅអំឡុងឆ្នាំ២០១១-២០១២ ទីផ្សារប្រេងបានហក់ឡើងកប់ពពក ប្រេងឆៅបានចាប់ផ្តើមហក់ឡើងក្នុងឆ្នាំ២០១២ លើសពី ១០០ដុល្លារក្នុងមួយបារ៉ែល ហើយបានឈានដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាននៅដើមខែមីនា ជាង ១២៥ដុល្លារក្នុងមួយបារ៉ែលសម្រាប់ប្រេងប្រភេទBrent ។
* កម្ពុជាប្រកាសផ្អាកទាំងស្រុងការនាំចូលប្រងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីថៃ
កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ម្សិលមិញនេះនាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត បានប្រកាស លើបណ្តាញសង្គម Facebook របស់លោកថា «ចាប់ពីម៉ោង ១២យប់នេះទៅការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃត្រូវផ្អាកទាំងស្រុង»។ លោកបន្តថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រភពផ្សេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។
* តម្លៃប្រេងនៅកម្ពុជានឹងកើនឡើង!
ប្រេងនៅកម្ពុជានឹងកើនឡើង ប៉ុន្តែមិនដោយសារហេតុកម្ពុជាផ្អាកការនាំចូលប្រេងពីថៃ នោះទេ ផ្ទុយមកវិញ វាជាការកើនឡើងតម្លៃប្រេងជាសកល ដូចនេះតម្លៃប្រេងនៅប្រទេសជាច្រើនផ្សេងទៀត ក៏ពើបប្រទះនៃកំណើននេះដូចកម្ពុជាដែរ ខុសគ្នាតែភាគរយប៉ុណ្ណោះ។ តែក៏ជាការពិតថៃ ជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈដ៏សំខាន់ជាងគេរបស់កម្ពុជា។ ប្រភពប្រេងនាំចូលកម្ពុជា, ថៃមានចំនួន ២៩%, វៀតណាម ២៩%, សឹង្ហបុរី ១៣%, ឥណ្ឌូនេស៊ី ១១% និងប្រភពនាំចូលផ្សេងទៀតសរុប១៨%។ នេះបើយោងតាមលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ ការដែលកម្ពុជាផ្អាកទាំងស្រុងការនាំចូលពីប្រទេសថៃ នឹងនាំឲ្យកម្ពុជាបង្កើនការនាំចូលពីប្រទេសផ្សេងជាពិសេសវៀតណាម។
* ប្រមើលមើលអនាគត
បើផ្អែកលើបញ្ហាដែលកំពុងបន្ត៖ សង្រ្គាមអ៊ីស្រាអែល-អ៊ីរ៉ង់ ក្រោយមកអាមេរិកសម្រេចចិត្តទម្លាក់គ្រាប់បែកកម្ទេចមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងបន្តរុញច្រានជម្លោះនៅមជ្ឈិមបូព៌ាកាន់តែឡើងកម្តៅបន្ថែមទៀត។ ដូចនេះទីផ្សារប្រេងសកលនឹងបន្តហក់ឡើងជាបន្តទៀតដូចគ្នា ត្បិតថាតួរលេខខាងលើបានបង្ហាញយើងយ៉ាងច្បាស់ថាតំបន់មជ្ឈិមបូព៌ាវាសំខាន់ខ្លាំងណាស់ ធ្វើឲ្យមានស្ថេរភាពការផ្គត់ផ្គង់ប្រេងជាសកល បើតំបន់នេះកំពុងជួបវិបត្តិ ច្បាស់ណាស់នឹងជះផលវិបាកជាសកលជាមិនខាន់ ហើយកម្ពុជាជាស្វ័យប្រវត្តិនឹងទទួលរងនៃឥទ្ធិពលនេះ៕
លោក វៀង ហួរ អ្នកស្រាវជ្រាវ និងសរសេរមាតិកា