(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា បងប្អូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានយកចិត្តទុកដាក់គិត គូរដោះស្រាយតាមរយះការកែសម្រួលបន្ថែមរបបសន្តិសុខសង្គមជាបន្តបន្ទាប់ផ្អែកតាម ស្ថានភាពវិវឌ្ឍនៃ សេដ្ឋកិច្ចជាតិ ស្របតាមគុណបំណាច់របស់បងប្អូនចំពោះជាតិមាតុភូមិ។
លោកបន្តថា មកដល់បច្ចុប្បន្នបងប្អូនអតីតមន្ត្រី រាជការស៊ីវិល និងអតីតយុទ្ធជន បានទទួលរបបសន្តិសុខសង្គមប្រចាំខែ ទាបបំផុតត្រឹម ៨៤ម៉ឺន ៥ពាន់ រៀល ព្រមទាំងបានដំឡើងប្រាក់វិភាជន៍គ្រួសារផងដែរ។ លើសពីនេះទៀត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កលក្ខណៈងាយស្រួលដល់បងប្អូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន តាមរយៈការផ្តល់កាតអេធីអឹម (ATM) សម្រួលដល់ការបើកផ្តល់របបសន្តិសុខសង្គមប្រចាំខែស្របតាម សម័យកាលនៃបរិវត្តកម្មឌីជីថល។
លោករដ្ឋមន្រ្តីសង្គមកិច្ចរូបនេះ បានលើកឡើងក្នុងឱកាសប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា រៀបចំធ្វើនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ ការប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជានាឱកាសនេះ គឺជាព្រឹត្តិការណ៍ជាតិមួយដែលធ្វើ ឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូន អតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ។
ទាក់ទងការងារនេះផងដែរ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការត្រៀមថវិកាបម្រុងសម្រាប់ដោះស្រាយប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារ សពនិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងប្រាក់ឧបត្ថម្ភបូជាសព ប្រាក់ឧបត្ថម្ភមួយលើកជូនគ្រួសារ សពជនពិការជាអតីតយុទ្ធជនដែលទទួលមរណភាព។ ជាលទ្ធផលគឺបានពន្លឿននីតិវិធីបែបបទផ្តល់ប្រាក់ បានឆាប់រហ័ស និងបានសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជា ចុះប្រគល់ប្រាក់ដល់លំនៅដ្ឋានបាន ទាន់ពេលវេលា ព្រមទាំងផ្តល់សេវាព្យាបាលជំងឺដោយមិនបង់ថ្លៃ ធ្វើឱ្យគ្រួសារអតីតយុទ្ធជនមានភាព សប្បាយរីករាយកក់ក្តៅ និងគោរពដឹងគុណ ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។ ផ្អែកតាមស្ថានភាពជីវភាពជាក់ស្តែងរបស់បងប្អូនអតីតយុទ្ធជន រាជរដ្ឋាភិបាលបានអនុវត្តនូវគោល នយោបាយផ្តល់សម្បទានដីសង្គមកិច្ច កសាងលំនៅដ្ឋានជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ព្រមទាំងបានបង្កើតគម្រោងជាច្រើន ដើម្បីកែលម្អជីវភាពរបស់អតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើងស្របតាម ស្ថានភាពនិងជីវភាពរស់នៅប្រចាំថ្ងៃ។
រដ្ឋមន្រ្តីសង្គមកិច្ច បានបន្ថែមទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាគមអតីតយុទ្ធជនកម្ពុជា បាន សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ក្នុងការជួយដល់អតីតយុទ្ធជនឱ្យទទួលបាននូវសេវាសាធារណៈផ្សេងៗ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្តល់សម្បទានដីសង្គមកិច្ច ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការទទួលជំនួយសង្គ្រោះបន្ទាន់ និង ការចូលរួមសកម្មភាពសិល្បៈ កីឡា ជាដើម៕