(កំពត)៖ កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធារណៈលើការងារមនុស្សធម៌ បានបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយភាពស្វាហាប់ និងរឹងមាំ ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត តាមរយៈសកម្មភាពនានា រួមទាំងការផ្ដល់អំណោយមនុស្សធម៌ ការលំបាកភ្លាមៗ និងការងារសំខាន់ជាងនេះទៀត គឺក្នុងការអប់រំផ្សព្វផ្សាយពីការថែរក្សាសុខភាព និងលើកកម្ពស់ជីវភាព ដល់ប្រជាជននៅតាមសហគមន៍ជាដើម។
ដូច្នេះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ យុទ្ធសាស្រ្ដត្រឹមត្រូវច្បាស់លាស់ និងទាន់សភាពការណ៍។ ជាក់ស្ដែងផែនការសកម្មភាពនៃការអនុវត្តយុទ្ធសាស្រ្ត ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា បានបន្ស៊ីជាមួយយុទ្ធសាស្រ្ត ២០៣០ របស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (សហព័ន្ធអន្តរជាតិ) និងសម្របជាមួយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីការអនុវត្ដន៍ការងារខាងលើឈានទៅសម្រេចបានទៅតាមផែនការបន្ថែមទៀត នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា បានប្រជុំពិគ្រោះយោបល់ ការពិនិត្យពាក់កណ្តាលទី នៃយុទ្ធសាស្រ្ត ១០ឆ្នាំ (ឆ្នាំ២០២១-២០៣០), ហើយកិច្ចប្រជុំពាក់កណ្ដាលទី គឺ៥ឆ្នាំដំបូងនៃយុទ្ធសាស្ត្រនេះ គឺពីឆ្នាំ ២០២១-២០២៥ ដែលប្រព្រឹត្ដទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជានៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ ពិសេសមានការចូលរួមដោយផ្ទាល់ពីលោកស្រី កាទ្រីន ក្លាសិន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម។
ក្រោយកិច្ចប្រជុំពិគ្រោះយោបល់រួចរាល់ នៅព្រឹកស្អែកត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជាស្នាក់ការកណ្ដាលដែលដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមដំណើរជាមួយលោកស្រី កាទ្រីន ក្លាសិន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម ចុះទៅបង្ហាញផែនការសកម្មភាពដល់សាខា អនុសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពត និងដល់អ្នកស្ម័គ្រកាកបាទក្រហមកម្ពុជានៅតាមភូមិ និងពិនិត្យមើលសកម្មភាព ដែលបាននិងកំពុងអនុវត្ដកន្លងមក ដើម្បីឱ្យសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដែលឆ្លើយតបទៅនឹងប្រធានបទក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ក្នុងឱកាសជួបជុំជាមួយអ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជានៅតាមភូមិខាងលើនេះ ក៏មានការសំណេះសំណេះសំណាលដោយផ្ទាល់ពីថ្នាក់ដឹកនាំទាំងពីរ រួមទាំងលោកស្រី លោកស្រី មុំ ចន្ទី នាយិការង នាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា និងលោកស្រី ឡាយ សុភ័ក្រ តំណាងសាខាកាកបាទក្រហមកម្ពុជា ខេត្ដកំពត ដែលបានមកបង្ហាញ និងពិភាក្សាអំពីផែនការសកម្មភាពជាមួយអ្នកស្ម័គ្រចិត្ដ។
ជាមួយគ្នានោះអ្នកស្ម័គ្រចិត្ដចំនួន ២រូប តំណាងអ្នកស្ម័គ្រចិត្ដប្រមាណ ៨០០នាក់ នៅខេត្ដកំពត និងប្រជាពលរដ្ឋម្នាក់ តំណាងឱ្យអ្នកភូមិនៅភូមិត្រពាំងព្រីង ស្រុកឈូក ខេត្ដកំពត បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយជាខ្លាំង និងថ្លែងអំណរគុណ គោរពជូនសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរគ្រប់ច្រកល្ហក និងគ្រប់ជ្រុងជ្រោយ ដើម្បីជួយលើកកម្ពស់សុខភាព និងជីវភាពប្រជាជន ពិសេសនៅតាមសហគមន៍ តាមរយៈបង្កើតឱ្យមានទាំងស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជានៅតាមភូមិបន្ថែមទៀត ដើម្បីផ្សព្វផ្សាយអប់រំបន្ដដល់ទៅដល់ភូមិឋានរបស់ប្រជាជននៅក្នុងសហគមន៍តែម្ដង ឱ្យដឹងពីរបៀបថែរក្សាសុខភាពលើមនុស្សគ្រប់វ័យ ពិសេសមនុស្សចាស់ និងការបង្ករបង្កើនផលបែបកសិកម្ម មានជាការដំាំដំណាំ ជាបន្លែ ផ្លែឈើហូបផ្លែ និងចិញ្ចឹមសត្វជាដើម។
ឆ្លៀតក្នុងឱកាសកាកបាទក្រហមកម្ពុជា និងប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម បានចុះទៅជួបដោយផ្ទាល់ជាមួយអ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា នៅតាមភូមិ និងចុះមើលកសិដ្ឋានដាំដុះរបស់អ្នកភូមិរួចរាល់, ថ្នាក់ដឹកនាំបានបន្ដដំណើរចុះទៅសំណេះសំណាលជាមួយប្រជាជននៅតាមសហគមន៍ ដែលបានចូលរួមមកទទួលការអប់រំផ្សព្វផ្សាយពីមន្ដ្រីអនុសាខា អ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជាខេត្ដកំពតស្ដីពី «ជំងឺមហារីក និងជំងឺមិនឆ្លង» ពិសេសមានការដាក់តាំងបង្ហាញផលដំណាំបន្លៃ ផ្លែឈើ របស់សហគមន៍ផងដែរ ។ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់ជូនអង្ករសុខភាព ក៏ដូចជាសាប៊ូជាដើមជូនដល់លោកតា លោកយាយ អ៊ុំ ពូមីង នៅក្នុងសហគមន៍ ដែលប្រព្រឹត្ដទៅក្នុងបរិវេណវត្ដអារាមនៅលើភ្នំមួយកន្លែងនៅស្រុកទឹកឈូ ខេត្ដកំពត។
បន្ទាប់ពីសកម្មភាពខាងលើនេះ ថ្នាក់ដឹកនាំក៏បានបន្ដដឹកនាំយុវជន និងអ្នកស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋ ទៅតាមដាំដើមកោងកាង ជាង១០០ដើម នៅសហគមន៍នេសាទទេសចរណ៍ធម្មជាតិកំពង់សាមគ្គី ដែលស្ថិតនៅស្រុកត្រពាំងសង្កែ ស្រុកទឹកឈូ ដើម្បីជាការជំរុញលើកទឹកចិត្ដដល់យុវជន អ្នកស្ម័គ្រចិត្ដ ក៏ដូចជាប្រជាពលរដ្ឋនៅសហគមន៍ បង្កើនការស្រលាញ់ និងការពារថែរក្សាព្រៃឈើបន្ថែមទៀត ហើយក៏ជាចំណែកមួយដ៏សំខាន់ក្នុងការរួមចំណែកក្នុងការការពារបរិស្ថាន កាត់បន្ថយការប្រែប្រួលអាកាសធាតុ។
សកម្មភាពមួយថ្ងៃពេញនេះក៏មិនទាន់អស់នៅឡើយទេ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងប្រតិភូសហព័ន្ធអន្តរជាតិ រួមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពត បានបន្ដចុះពិនិត្យពីសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា ធ្វើសកម្មភាពផ្សព្វផ្សាយអំពីការប្រែប្រួលអាការធាតុ អនាម័យ បរិស្ថាន ដល់សិស្សានុសិស្សនៅវិទ្យាល័យនរោត្តមរណឬទ្ធិ។
សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដោតសំខាន់ក្នុងអភិវឌ្ឍធនធានមនុស្ស និងបានចាត់ទុកថា យុវជនកាកបាទក្រហមកម្ពុជា ជាចលករ និងជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាកម្លាំងសកម្មជួរមុខក្នុងប្រតិបត្តិការមនុស្សធម៌នៅគ្រប់កាលៈទេសៈ ក្រៅពីដើរតួនាទីដ៏សំខាន់ មិត្ដអប់រំមិត្ដ។ ដូច្នេះយុវជនជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងសម្រាប់អភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត ។ដោយមូលហេតុទាំងនេះហើយ ទើបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បន្ដពង្រឹង-ពង្រីកកម្លាំងយុវជនកាកបាទក្រហមកម្ពុជាជាបន្ដបន្ទាប់នៅតាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស៕