(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ» ដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សំដៅ ចូលរួមចំណែកគោរពសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិជនពិការភាព និងសិទ្ធិដទៃទៀតនៅក្នុងសង្គម។
វគ្គបណ្តុះបណ្តាលមានរយៈពេល ៣ថ្ងៃនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានរៀបចំដោយក្រុមការងារយេនឌ័រស្រ្តីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានវត្តមានលោកស្រីសុខ ច័ន្ទឆវី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួមទាំង លោក លោកស្រីសរុបប្រមាណ ២៦០រូប នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកស្រី សុវណ្ណ វណ្ណារតន៍ បានថ្លែងបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ» ដោយបញ្ជាក់ថា ការពង្រឹងសមត្ថភាពរបស់ជនបង្គោលយេនឌ័រ គឺជាកិច្ចការអាទិភាព ដែលចាប់តាំងពីឆ្នាំ២០១៣មក ក្រសួងបានរៀបចំវគ្គបណ្តុះបណ្តាលនេះបានចំនួន ១១លើក រួចមកហើយ ជាពិសេសក្នុងបំណងដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ការចូលរួម និងការគោរពសិទ្ធមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិជនពិការភាព និងសិទ្ធិដទៃទៀតក្នុងសង្គម និងលើកកម្ពស់ការគោរពច្បាប់ ក៏ដូចជាកាត់បន្ថយការរើសអើងគ្រប់រូបភាព ជូនដល់បងប្អូនកម្មករនិយោជិត សិស្សនិស្សិត សមាជិក ប.ស.ស. និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងប្រទេស។
បន្ថែមពីនេះទៅទៀត វគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ ក៏នឹងចូលរួមចំណែកធ្វើឱ្យ ប្រសើរឡើងនូវសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ នៅក្នុងបរិវត្តកម្មឌីជីថល បង្កើនការយល់ដឹង ស្វែងយល់នឹងបញ្ហាប្រឈម និងមេរៀនបទពិសោធន៍ និងគំនិតថ្មីៗពីគ្រូឧទ្ទេសនាម ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យមានភាពថ្លៃថ្នូរនៅក្នុងសង្គមកម្ពុជាពង្រឹង សមត្ថភាពជនបង្គោលយេនឌ័រ ឱ្យមានការយល់ដឹងពីអនុសាសន៍ គន្លឹះ១២ចំណុច ដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ដើម្បីបង្កើនការយល់ដឹងលើសិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់ការរីករាលដាលនៃការឆ្លងមេរោគអេដស៍ បរិយាប័ន្ន និងសមធម៌សង្គម អភិក្រមបរិវត្តកម្ម យេនឌ័រ បច្ចុប្បន្នភាពសេវា ប.ស.ស ឆ្លើយតបនឹងយេនឌ័រ និងបម្រែបម្រួលអាកាសធាតុក្នុងវិស័យ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការយល់ដឹងអំពី អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅប្រទេសកម្ពុជា និងច្បាប់ គោលនយោបាយជាតិ វិធានការនានា ហើយប្រែក្លាយការយល់ដឹងដែលទទួលបាននាពេលនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែងពិតប្រាកដប្រកបដោយប្រសិទ្ធភាព៕