(សេអ៊ូល សាធារណរដ្ឋកូរ៉េ)៖ គណៈប្រតិភូនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយលោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ បានបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយផ្តោតលើផ្នែកអាទិភាពសំខាន់ៗចំនួនបួនក្នុងវិស័យការងារ គឺប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ អធិការកិច្ចការងារ និងការបណ្តុះបណ្តាលដោយវិទ្យាស្ថានជាតិការងារ។
ទស្សនកិច្ចនេះស្ថិតក្រោមគម្រោងប្រឹក្សាគោលនយោបាយការងារឆ្នាំ២០២៥ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាការងារ និងមុខរបរកូរ៉េ (Korea Labour and Employment Service-KLES) ដែលជាអង្គភាពចំណុះឱ្យក្រសួងមុខរបរ និងការងារកូរ៉េ ក្នុងគោលបំណងពង្រឹងការកសាងសមត្ថភាពមន្រ្តីជំនាញ ព្រមទាំងផ្តល់អនុសាសន៍អំពី ការរៀបចំគោលនយោបាយការងារស្របតាមបរិបទកម្ពុជា។
អំឡុងទស្សនកិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាជាមួយអង្គភាពមួយចំនួននៃក្រសួងមុខរបរ និងការងារកូរ៉េ រួមមានផ្នែកសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការទំនាក់ទំនង ការងារ និងគណៈកម្មាធិការប្រាក់ឈ្នួលអប្បបរមា ព្រមទាំងវិទ្យាស្ថានបណ្តុះបណ្តាលមុខរបរ និងការងារកូរ៉េ។ ជំនួបជាមួយផ្នែកសហប្រតិបត្តិការអន្តរជាតិ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេសកូរ៉េបាននិងកំពុងជួយដល់កម្ពុជា ជាពិសេសគោលនយោបាយការងារដែលកំពុងតែអនុវត្តនេះ ក៏ដូចជាពិភាក្សាលើលទ្ធភាព ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការដោយផ្តល់ជំនួយបច្ចេកទេសបន្ថែមនាពេលខាងមុខ។
ដោយឡែក ការពិភាក្សាជាមួយគណៈកម្មាធិការទំនាក់ទំនងការងារ និងគណៈកម្មាធិការប្រាក់ឈ្នួលអប្បបរមាផ្តោតលើវិធីសាស្ត្ររបស់កូរ៉េក្នុងការដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ដែលផ្តល់នូវការយល់ដឹងបន្ថែមសម្រាប់ការពិចារណាកែលម្អ ឬពង្រឹងយន្តការដោះស្រាយវិវាទការងារនៅកម្ពុជា ព្រមទាំងផ្តល់ការយល់ដឹងស៊ីជម្រៅអំពីយន្តការកំណត់ប្រាក់ឈ្នួល ការពង្រីកវិសាលភាពប្រាក់ឈ្នួលអប្បបរមាទៅលើវិស័យផ្សេងៗ។ ជាចុងក្រោយ វិទ្យាស្ថានបណ្តុះបណ្តាលមុខរបរ និងការងារកូរ៉េបានចែករំលែកបទពិសោធន៍អំពីកម្មវិធីបណ្តុះបណ្តាលមន្រ្តីរាជការ សហជីព និយោជក អ្នកផ្សះផ្សាវិវាទការងារ និងអធិការការងារ ដើម្បីចូលរួមលើកកម្ពស់អនុលោមភាពតាមច្បាប់។
លើសពីនេះ គណៈប្រតិភូរួមនឹងតំណាងសេវាការងារ និងមុខរបរកូរ៉េ បានអញ្ជើញទៅទស្សនកិច្ចនៅស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមហ៊ុនផ្សារទំនើប Lotte និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ដើម្បីយល់ដឹងបន្ថែមអំពីស្ថានភាពពលករកម្ពុជាដែលកំពុងបម្រើការងារនៅក្នុងប្រទេសកូរ៉េ ការគ្រប់គ្រងបុគ្គលិករបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពរហូតទទួលបានជ័យលាភីបួនឆ្នាំជាប់គ្នា ក៏ដូចជាដំណើរការរបស់មជ្ឈមណ្ឌល។
ក្រៅពីទស្សនកិច្ចនៅតាមស្ថាប័ន និងការចែករំលែកបទពិសោធន៍ជាក់លាក់មួយចំនួន ភាគីកម្ពុជា និងកូរ៉េ បានរៀបចំសិក្ខាសាលារួមគ្នាដែលសិក្ខាសាលានេះ បានផ្តល់ជាវេទិកាដ៏សំខាន់សម្រាប់ភាគីទាំងពីរពិភាក្សាស៊ីជម្រៅទៅលើការផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងគោលនយោបាយការងារកម្ពុជាដូចបានបញ្ជាក់ជូនខាងលើ។
គណៈប្រតិភូនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងភាគីកូរ៉េ បានបេ្ដជ្ញាបន្តជំរុញនូវការអនុវត្តកិច្ចសហប្រតិបត្តិការគម្រោងនេះឱ្យរលូនថែមទៀត ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងផងដែរ៕