(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសបិទច្រកទាំងអស់ជាមួយកម្ពុជាហើយនោះ នៅពេលនេះ យោធាភូមិភាគ២របស់ថៃ ដែលគេដឹងថា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Boonsin Padklang បានចេញបទបញ្ជាបើកបិទ ដោយមិនខ្វល់ពីរដ្ឋាភិបាលថៃឡើយ។
មណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគទី២ របស់ថៃ បានចេញវិធានការអំពីការបើកបិទច្រកជាមួយកម្ពុជា ដោយមានច្រកមួយចំនួន ក្នុងនោះច្រកព្រំដែនអន្តរជាតិឆងចោម ឃុំដាន ស្រុកកានឆឺង ខេត្តសុរិន្ទ (បើក-បិទ) ច្រកព្រំដែនអន្តរជាតិឆងសាង៉ាំ ឃុំប្រៃផាត់ថាណា ស្រុកភូស៊ីង ខេត្តស៊ីសាកេត (បើក-បិទ) ច្រកតំបន់ពាណិជ្ជកម្មសាយតាគូ ឃុំចាន់ថាភេត ស្រុកបានគ្រួត ខេត្តបុរីរ៉ាំ (បើក-បិទ)
ទង្វើរបស់ថៃបែបនេះ បង្ហាញពីភាពក្រឡិចក្រឡុចរបស់ថៃ មិនទទួលខុសត្រូវ និងបង្ហាញថា រដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងបាន លើថ្នាក់ដឹកនាំជើងក្រោមរបស់ខ្លួន ពោលគឺកងទ័ពធ្វើអ្វីស្រេចតែចិត្ត មិនស្តាប់បង្គាប់រដ្ឋាភិបាល។
ការបិទបើកព្រំដែនស្រេចតែចិត្តរបស់កងទ័ពថៃ ដែលមិនស្តាប់បង្គាប់បញ្ជារបស់រដ្ឋាភិបាល បានបង្កឱ្យមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចថៃ និងដល់ផលដំណាំថៃ ដែលដល់រដូវប្រមូលផល នេះជាការទទួលខុសត្រូវរបស់កងទ័ព។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ យោធាភូមិភាគី២របស់ថៃ បានចេញបញ្ជាឱ្យបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយអនុញ្ញាតឱ្យចេញចូលតែ សិស្សានុសិស្ស និងអ្នកជំងឺដែលត្រូវការការព្យាបាលបន្ទាន់តែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី មជ្ឈមណ្ឌលគ្រប់គ្រងព្រំដែនរបស់ថៃ បែរជាចេញមកបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃ ទាំងអស់ នៅតែបើកដំណើរការធម្មតា មិនមានការបិទនោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Khaosod៕