(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាកម្មករសំណង់ ក្រោយលួចទូរសព្ទដៃចំនួន៣០គ្រឿង ក្នុងរយៈពេល៣ថ្ងៃ នៅការដ្ឋានសាងសង់ របស់ក្រុមហ៊ុនចិន ក្នុងឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ។
លោកអនុសេនីយ៍ឯក ហ៊ូ សារី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ ឈ្មោះ គង់ វណ្ណរ៉ា អាយុ៤៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាប្រធានសន្តិសុខក្នុងការដ្ឋានសាងសង់ក្រុមហ៊ុនចិនក្នុងឃុំអូរ៣ជាន់ ដោយរៀបរាប់ថា ក្នុងរយៈពេល៣ថ្ងៃនេះ មានកម្មករបាត់ទូរសព្ទដៃជាច្រើនគ្រឿង។
គេសង្ស័យថាមានកម្មករក្នុងការដ្ឋានលួចគឺឈ្មោះ រី សារ៉ាត់ អាយុ៣៧ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានព័ត៌មានហើយ លោកបានដឹកនាំកម្លាំងអាវុធហត្ថមួយក្រុម ចុះដល់ការដ្ឋាន ហើយឃាត់ខ្លួន ឈ្មោះ រី សារ៉ាត់ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ដើម្បីសាកសួរបន្ត។
នៅមុខកម្លាំងកងរាជអាវុធហត្ថឈ្មោះ រី សារ៉ាត់ បានឆ្លើយសារភាពថាក្នុងរយៈពេល៣ថ្ងៃ កាលពីថ្ងៃទី១៨-១៩-២១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចការដ្ឋានសំណង់ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខ្លួនបានលួចទូរស័ព្ទបានចំនួន៣០គ្រឿង ទុកក្នុងខ្លួនមិនបានយកទៅលក់ទេ។
លោកអនុសេនីយ៍ឯក ហ៊ូ សារី បានបញ្ជាក់ថា ជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី៕