(សៀមរាប)៖ លោក យា ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានស្នើអ្នកធុរកិច្ចទាំងអស់ នៅក្នុងខេត្តសៀមរាប ដាក់ពាក្យចូលរួមកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២៥នេះ ដើម្បីមានឱកាស អភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ឱ្យមានការវិវឌ្ឍន៍ឈានឡើងប្រកបដោយចីរភាព និងទទួលបានពានរង្វាន់ថ្នាក់ជាតិ ពីក្រសួងឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានទៅយកស្ដង់ដារជាតិ និងអន្តរជាតិផ្សេងៗទៀត។
ការស្នើយ៉ាងដូច្នេះរបស់លោក យា ប៊ុនណា នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តល្អនៃប្រព័ន្ធ «ស៥» និងឧបករណ៍ផលិតភាព នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងភាគីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។
លោកបន្តថា ប្រព័ន្ធ «ស៥» រួមមាន៖ សម្រិតសម្រាំង សណ្ដាប់ធ្នាប់ សម្អាត ស្ដង់ដារ និងស្ថិតស្ថេរ និងនវានុវត្តន៍ ដែលជាប្រព័ន្ធសម្រាប់បង្កើនផលិតភាពអាជីវកម្មគ្រប់ប្រភេទ និងជាឱកាសសម្រាប់ម្ចាស់អាជីវកម្ម និងមន្ត្រីស្ថាប័នសាធារណៈផ្សេងៗទៀត អាចមានសមត្ថភាពក្នុងការអភិវឌ្ឍន៍អាជីវកម្មខ្លួន។
លោកបានបន្តថា ម្ចាស់អាជីវកម្មទាំងអស់ ដើម្បីអនុវត្តវិធីសាស្ត្រនេះឲ្យ ទទួលបានជោគជ័យទៅបាន ចាំបាច់ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ មានការយល់ដឹងពីអត្ថប្រយោជន៍នៃផលិតភាព ហើយយកទៅអនុវត្តជាក់ស្តែងដោយមានទិសដៅពិតប្រាកដ និងប្រកាន់ភ្ជាប់នូវគោលការណ៍ច្បាស់លាស់ សម្រាប់កែលម្អផលិតកម្ម អាជីវកម្ម និងខិតខំធ្វើយ៉ាងណាឱ្យថ្ងៃនេះ ប្រសើរជាងថ្ងៃម្សិលមិញ និងធ្វើឱ្យថ្ងៃស្អែក ប្រសើរជាងថ្ងៃនេះ។
លោក យា ប៊ុនណា បន្ថែមថា ត្រូវប្រែប្រែក្លាយអង្គភាពមួយមានវិន័យ សណ្តាប់ធ្នាប់ល្អ ដំណើរការផលិតកម្ម អាជីវកម្មកាន់តែមានប្រសិទ្ធភាព បំបាត់ភាពខ្ជះខ្ជាយ ជួយសន្សំសំចៃ កាត់បន្ថយចំណាយថ្លៃដើម អតិថិជនកាន់តែមានទំនុកចិត្តលើគុណភាពផលិតផល និងសេវា បង្កើនប្រាក់ចំណេញបានយូរអង្វែង ដោយមិនចាំបាច់ដំឡើងថ្លៃផលិតផលនាំឲ្យប៉ះពាល់ទីផ្សារ។
លោក ង៉ូវ សេងកាក់ បានលើកឡើងថា ដើម្បីផ្តល់ការគាំទ្រដល់វិស័យឯកជនក្រសួងឧស្សាហកម្ម បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តល្អ នៃប្រព័ន្ធ «ស៥» និងឧបករណ៍ផលិតភាព ដែលបានខិតខំជំរុញ និងបង្កើនប្រសិទ្ធភាព ក្នុងកម្មវិធីផ្សព្វផ្សាយបណ្តុះបណ្តាល ក្នុងគោលបំណងបានយល់ដឹងអំពីអត្ថប្រយោជន៍ សម្រាប់គ្រប់គ្រងសហគ្រាស សិប្បកម្ម សេវាកម្ម អាជីវកម្ម និងបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រកបដោយចីរភាព ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ អាណត្តិទី៧នេះ៕