(ព្រៃវែង)៖ ឱកាសពិសេសសហគមន៍តាសីសាមគ្គី ត្រូវការកម្មករ និងបុគ្គលិកជំនាញ១០០នាក់ ក្នុងនោះអ្នកមិនធ្លាប់មានបទពិសោធន៍លើការធ្វើកសិកម្ម ក៏អាចធ្វើបានដែរ ជាពិសេសសម្រាប់ពលករដែលទើបមកពីប្រទេសថៃ ផ្តល់អាទិភាព ដែលមានទីតាំងស្ថិតនៅភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោក ចៀង សុផាត ក្រុមបច្ចេកទេសសហគមន៍តាសីសាមគ្គី បានឱ្យដឹងថា អត្ថប្រយោជន៍ដែលទទួលបានគឺមានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកសិកម្ម និងការគ្រប់គ្រងកសិដ្ឋាន ព្រមទាំងទទួលប្រាក់បៀវត្សរហូតដល់ ៥០០ដុល្លារ (យោងតាមសមត្ថភាព) និងទទួលបានកន្លែងស្នាក់នៅ និងអាហារហូបចុក មានប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់បុគ្គលិកអនុវត្តការងារបានល្អ ព្រមទាំងមានថ្ងៃឈប់សម្រាក​ និងមានអត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ។

សូមបញ្ជាក់ថា សហគមន៍តាសីសាមគ្គី ស្រុកស្វាយអន្ទរ ផ្ដោតសំខាន់ទៅលើការធ្វើកសិកម្ម រួមមាន៖ ការដាំបន្លែគ្រប់មុខលើផ្ទៃដីចំនួន១០ហិកតា និងធ្វើស្រូវចំនួន៣០ហិកតា។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ មានពលករ និងប្រជាពលរដ្ឋដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដែលបានវិលត្រឡប់មកខេត្តព្រៃវែង ចំនួន ១,៨៨០នាក់។

លោក ចៀង សុផាត បានបន្ថែមថា បើបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកដែលធ្វើចំណាកស្រុក និងពលករដែលទើបតែវិលត្រឡប់ពីប្រទេសជិតខាង ហើយមិនទាន់មានការងារធ្វើ អាចដាក់ពាក្យមកធ្វើការ និងសូមទាក់ទងមកលេខទូរសព្ទ 012761624 ផងដែរ៕