(ឧត្តរមានជ័យ)៖ បុរសជនជាតិបរទេសម្នាក់ បានស្តីបន្ទោសទាហានថៃ ដែលក្រឡាស់សម្តី និងមិនឲ្យគាត់ចូលទៅពិនិត្យសុខភាពបាន តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយត្រូវបង្ខំឲ្យគាត់ធ្វើដំណើរត្រឡប់ ទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើដំណើរតាមយន្តហោះ។​

បុរសបរទេសម្នាក់ បាននិយាយថា «ពួកគេបានក្រឡាស់សម្តី។ ដំបូងឡើយ ពួកគេថាអាចឱ្យខ្ញុំចូលទៅបាន ប៉ុន្តែក្រោយមក ពួកគេបានប្រាប់ខ្ញុំវិញថា ចូលអត់បានទេ។ ខ្ញុំមានលិខិតពេទ្យបញ្ជាក់ ត្រឹមត្រូវ ប៉ុន្តែពួកគេស្រាប់តែប្រាប់ខ្ញុំឱ្យចូលទៅ តាមជើងហោះហើរទៅវិញ»

បុរសរូបនេះ បានបន្តថា «ខ្ញុំមានកាតថៃនៅទីនេះ ប៉ុន្តែឥឡូវពួកគេមិនអនុញ្ញាតឱ្យខ្ញុំចូលទៅជួបគ្រូពេទ្យ ដើម្បីចាក់ថ្នាំដែលខ្ញុំត្រូវការជាចាំបាច់នោះទេ។ ពេលនេះជម្រើសដើម្បីចូលទៅប្រទេសថៃ គឺមានតែត្រូវជិះយន្តហោះ ប៉ុន្តែទាល់តែខ្ញុំជិះត្រឡប់ត្រឡប់ទៅដល់សៀមរាបវិញសិន»។

នៅពេលសួរថា តើលោកបានទៅសួរនាំមន្រ្តីថៃខាងណា? ខាងយោធា ឬខាងអន្តោប្រវេសន៍? បុរសបរទេសរូបនេះ បានឆ្លើយថា លោកបានទៅសួរខាងយោធា។ ព្រោះមន្រ្តីអន្តោប្រវេសន៍ថៃ នាពេលនេះធ្វើអ្វីមិនកើតទេ។ ឥឡូវព្រំដែនស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ។ នៅប្រទេសថៃ សឹងតែជារឿងធម្មតាទៅហើយ គឺយោធាមានឥទ្ធិពលណាស់។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ គ្រប់ច្រកទ្វារព្រំដែនទាំងអស់កម្ពុជា-ថៃ អ្នកជំងឺ និងកូនសិស្សអាចចេញចូលធម្មតា តែមនុស្ស ទំនិញ ឡាន និងម៉ូតូ ត្រូវទាហានថៃ បន្តបិទដដែល ដូចអ្វីដែលពួកគេបាន ប្រកាសកាលពីប៉ុន្មានថ្ងៃមុន។ សេចក្តីរាយការណ៍ពីព្រំដែន បានឲ្យដឹងថា នៅតាមច្រកទ្វារព្រំដែនដែលជាប់ជាមួយប្រទេសថៃ គឺទាហានថៃ នៅបន្តមិនអនុញ្ញាតឲ្យអ្នកដំណើរទាំងភ្ញៀវជាតិ-អន្តរជាតិ រថយន្ត ម៉ូតូ និងការដឹកទំនិញឆ្លងកាត់នោះឡើយ តែសម្រាប់អ្នកជំងឺ និងកូនសិស្ស អាចធ្វើដំណើរឆ្លងកាត់បានដដែល។

លោក ឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ បានបញ្ជាក់ផងដែរថា សម្រាប់ច្រកទ្វារអន្តរជាតិមួយនេះ ភាគីថៃ អនុញ្ញាតឲ្យតែអ្នកជំងឺ និងកូនសិស្សប៉ុណ្ណោះដែលអាចឆ្លងកាត់បាន ហើយមន្រ្តីយើងក៏បានធ្វើដូច្នោះដែរ តែសម្រាប់អ្នកដំណើរ រថយន្ត ម៉ូតូ និងទំនិញ ភាគីថៃនៅបន្តហាមឃាត់ដដែល។

តែសម្រាប់ច្រកទ្វារអន្តរជាតិអូរស្មាច់លោក ឯម បញ្ញារិទ្ធ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃនេះអាជ្ញាធរកម្ពុជា បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលមកប្រទេសវិញ សរុបចំនួន៣៥២នាក់ ស្រី១៧៣នាក់ ក្នុងនោះរួមមាន៖

* ពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅក្នុងផ្សារឆងចម ប្រទេសថៃ និងទេសចរណ៍ សរុបចំនួន១៩៨នាក់
* ពលករដែលត្រូវភាគីថៃបញ្ជូនមកវិញមានចំនួន១៥៤នាក់ ស្រី៧២នាក់ (ក្នុងនោះពលករពុំមានឯកសារធ្វើដំណើរសរុប១៤១នាក់ ស្រី៦៧នាក់)។

ក្រៅពីនេះ ក៏មានរថយន្តសរុបចំនួន១៨គ្រឿង និងម៉ូតូចំនួន២៦គ្រឿងផងដែរ។ ក្រោយភាគីកម្ពុជាបានបិទទ្វារច្រកវិញនៅវេលាម៉ោង១០៖៣៣នាទី៕