(បន្ទាយមានជ័យ)៖ នៅព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ទាហានថៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានយល់ព្រមបើកច្រកទ្វារព្រំដែន ដើម្បីអនុញ្ញាតឲ្យបងប្អូនខ្មែរយើងនៅជាប់គាំងជាង១០០នាក់ អាចវិលចូលស្រុកបាន។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា មានបងប្អូនខ្មែរយើងជាង១០០នាក់ ដែលធ្វើដំណើរពីថៃមកខ្មែរវិញ ត្រូវជាប់គាំងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយសារទាហានថៃ មិនបើកឲ្យឆ្លងមក តែក្រោយការសម្របសម្រួលរវាងមន្រ្តីច្រកទាំង២ នៅពេលនេះភាគីថៃ បានយល់ព្រមបើកច្រកទ្វារឲ្យបងប្អូនខ្មែរយើងអាចឆ្លងមកដីខ្មែរបានហើយ។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា​ សម្រាប់បងប្អូនខ្មែរយើងទាំងអស់ លោកទទួលស្វាគមន៍ និងចាត់ឲ្យក្រុមការងារដឹកជញ្ជូនទៅដល់ស្រុកកំណើតតែម្តង។ បើតាមលោក អ៊ុំ រាត្រី នៅរសៀលថ្ងៃនេះ ក៏មានជនជាតិខ្មែរយើងម្នាក់បានស្លាប់ ហើយត្រូវបានខាងថៃដឹកមកដល់ច្រកព្រំដែន ហើយលោកក៏ចាត់ចែងឲ្យរថយន្តពេទ្យដឹកទៅដល់ស្រុកកំណើតនៅឯខេត្តតាកែវ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕