(ព្រះវិហារ)៖ ឆ្លៀតនៅក្នុងឱកាសនៃការប្រគល់អំណោយឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅកងពលធំអន្តរាគមន៍លេខ២ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងអង្គរក្ស និងបានបន្តសំណេះសំណាល ជាមួយកងកម្លាំងឈរជើងនៅប្រាសាទតាមាន់។

នៅក្នុងឱកាសនោះ អគ្គលេខាធិការព្រឹទ្ធសភា បានពាំនាំនូវក្តីនឹករលឹកបំផុត និងការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កិត្តិសង្គហបណ្ឌិត និងកងកម្លាំងឈរជើងនៅ ប្រាសាទតាមាន់ ដែលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់បំផុតចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខដើម្បីការពារជាតិមាតុភូមិ អធិបតេយ្យ និងបូរណភាពទឹកដី និងកងកម្លាំងប្រដាប់អាវុធប្រចាំការ នៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា។

អគ្គលេខាធិការព្រឹទ្ធសភា បានកោតសរសើរចំពោះស្មារតីស្នេហាជាតិ និងការលះបង់របស់វីរយុទ្ធជនក្នុងបុព្វហេតុជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងបានជូនពរលោកកិត្តិសង្គហបណ្ឌិត និងវីរយុទ្ធជនទាំងអស់ សូមមានសុខភាពល្អរឹងមាំ និងទទួលបានជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ៕