(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បញ្ជាក់ថា ដើម្បីរក្សាកំណើនទេសចរឲ្យកាន់តែច្រើនឡើងជាលំដាប់ ប្រតិបត្តិករ ទេសចរណ៍រ៉ឺម៉កកង់បីខេត្តសៀមរាបទាំងអស់ ត្រូវចូលរួមបង្កើនគុណភាពសេវា និងភាពជឿជាក់ដល់ភ្ញៀវនូវទំនុកចិត្ត រក្សាស្នាមញញឹម ភាពរួសរាយរាក់ទាក់ ភាពថ្លៃថ្នូរ សីលធម៌ល្អ សុជីវធម៌ល្អ និងផ្តល់បដិសណ្ឋារកិច្ចទទួលភ្ញៀវឲ្យមានភាពកក់ក្តៅ។
ការបញ្ជាក់បែបនេះរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍រ៉ឺម៉កកង់បីខេត្តសៀមរាប ដើម្បីសាកសួរសុខទុក្ខ និងដឹងពីស្ថានភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលប្រកបការងារ ឬអាជីវកម្មនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ក្នុងពិធីជួបជុំប្រកបដោយភាពស្និទ្ធិស្នាលនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាង លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, តំណាងគ្រឹះស្ថានអង្គរ, តំណាងអាជ្ញាធរជាតិអប្សរា, សមាគមក្លឹបទេសចរណ៍សៀមរាប និងប្រតិបត្តិករទេសចរណ៍រ៉ឺម៉កកង់បីខេត្តសៀមរាបទាំងអស់សរុបចំនួន ៣៤២នាក់។
ថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងទេដចរណ៍ បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋ ពិសេស គឺប្រជាពលរដ្ឋដែលប្រកបការងារ ឬ អាជីវកម្មនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញគោលនយោបាយ និងវិធានការនានា គឺមានគោលដៅតែមួយគត់ សម្តៅជួយប្រជាពលរដ្ឋ តាមរយៈការពង្រាយផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យដល់មូលដ្ឋាន និងកាន់តែជិតប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ មិនទុកអ្នកណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ។
លោក ហួត ហាក់ បញ្ជាក់បន្ថែមថា ពោលគឺ ផ្តល់សេវាគាប់ចិត្ត និងរក្សាឲ្យបាននូវភាពស្មោះត្រង់ ស្មារតីប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ក្នុងការបើកបរផង តួយ៉ាងការជួយផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជាដ៏អច្ឆរិយរបស់យើងទៅដល់ទេសចរ ពិសេសទេសចរអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរអញ្ជើញមកកម្សាន្តម្តងហើយ ចង់អញ្ជើញមកកម្សាន្តម្តងទៀត និងស្នើសុំកុំចែករំលែកព័ត៌មានអវិជ្ជមាន ឬព័ត៌មានក្លែងក្លាយដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា៕