(កណ្ដាល)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឆ្លៀតឱកាសដ៏មមាញឹក ចុះពិនិត្យការងាររបស់មន្ដ្រីបុគ្គលិក នៅមណ្ឌលសុខភាព ព្រែកលួង ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ដោយមិនផ្ដល់ដំណឹងជាមុន។

ការឆ្មក់មកមណ្ឌលសុខភាពនេះ ស្របពេលតែមួយដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំដល់បុគ្គលិកសុខាភិបាល ពីក្រសួងដល់គ្រប់មូលដ្ឋានស្រុកឃុំ ដើម្បីមើលការសិក្សាស្វែងយល់ពីមូលដ្ឋាន និងការបម្រើសេវាសុខភាពនៅនឹងកន្លែង។

ក្នុងការចុះមកពិនិត្យមិនផ្ដល់ដំណឹងឱ្យដឹងជាមុននៅរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីសុខាភិបាល ត្រូវយកចិត្តទុកដាក់ លើការថែរក្សាបរិស្ថានស្អាត លើសុជីវធម៌ខ្ពស់ ឥរិយាបទថ្លៃថ្នូរ រួសរាយរាក់ទាក់ រក្សាវិន័យការងារល្អ បង្ហាញឱ្យឃើញនូវជំហរទំនួលខុសត្រូវ និងរក្សាភាពជឿជាក់ពីប្រជាពលរដ្ឋ។ បន្ថែមពីនេះ គឺខិតខំឱ្យបានល្អការរក្សាទុកដាក់ឱសថ វ៉ាក់សាំង ការថែរក្សាសម្ភារៈបរិក្ខារពេទ្យ ឱ្យបានគត់មុតត្រឹមត្រូវ និងត្រូវព្យាយាមបង្កើនសកម្មភាពពិនិត្យព្យាបាលជាប់ជាប្រចាំ ត្រៀមទទួលបងប្អូនអ្នកជំងឺ ក៏ដូចជាបងប្អូនដែលមករកទទួលសេវាសុខភាពក្នុងមណ្ឌល៕