(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកវេជ្ជ. អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋាន និងសហការី អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ឃួន ឡិច អតីតសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់ក្រសួងការពារជាតិ (គណៈយុទ្ធមិត្តបម្រើកងទ័ពជំនាន់ ឆ្នាំ១៩៧៨) ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១២៖៣០នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ ដែលពិធីបុណ្យសពធ្វើឡើងនៅវត្តតាំងកសាងខាងជើង រាជធានីភ្នំពេញ។

ស្ថិតក្នុងពេលវេលាដ៏ក្រៀមក្រំនេះ លោកវេជ្ជ. អ៊ុយ សំអាត បាននាំយកនូវថវិកា និងសារលិខិតចូលរួមរំលែកទុក្ខ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនក្រុមគ្រួសារនៃសព ដែលខ្លឹមសារទាំងស្រុងថា «ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ក្នុងនាមខ្ញុំផ្ទាល់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឧត្តមសេនីយ៍ឯក ឃួន ឡិច អតីតសមាជិក ក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់ក្រសួងការពារជាតិ (គណៈយុទ្ធមិត្តបម្រើកងទ័ពជំនាន់ ឆ្នាំ១៩៧៨)។ ចំពោះមរណភាពរបស់ ឧត្តមសេនីយ៍ឯក ឃួន ឡិច គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរព ស្រឡាញ់ស្មើជីវិត ដែលប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃថ្លៃថ្លា ចំពោះកូន ចៅ សាច់ញាតិ និងក្រុម គ្រួសារទាំងអស់ ហើយការលាចាកលោកនេះ របស់ ឧត្តមសេនីយ៍ឯក ជាការបាត់បង់នូវវីរយុទ្ធជនដ៏ឆ្នើមមួយរូប នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហាន ចូលរួមតស៊ូរំដោះជាតិ ប្រជាជន និងកសាង អភិវឌ្ឍ ពង្រឹងសុខសន្តិភាព ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ»

ក្នុងសមានទុក្ខដ៏ក្ដុកក្ដួលបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ឃួន ឡិច សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕