(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាពអបអរសាទរពិធីសម្ពោធលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើបអូឡាំព្យា ដែលមានទីតាំងតាមបណ្តោយមហាវិថីព្រះមុនីរ៉េត(២១៧)សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងជញ្ជូន បានបញ្ជាក់ឳ្យដឹងទៀតថា ព្រឹត្តិការណ៍នោះ ក៏មានសម្ពោធមណ្ឌលផ្តល់សេវាសាធារណៈ ព្រមទាំងទស្សនាពិពរណ៍ និងឱកាសទទួលបានរង្វាន់ជាច្រើន ចាប់ពីថ្ងៃទី២៧-២៨ មិថុនា ឆ្នាំ២០២៥។ ប្រជាពលរដ្ឋអាចចូលរួមទស្សនាដោយសេរី ពិព័រណ៍ផ្លាកលេខម៉ូតូ និងរថយន្ត ការលក់លេខពិសេសផ្ទាល់ខ្លួនម៉ូតូ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងខួប៥ឆ្នាំ ដាក់ដំណើរការលេខពិសេសផ្ទាល់ខ្លួនរថយន្ត ព្រមទាំងឱកាសឈ្នះរង្វាន់ជាច្រើនឈ្នះរង្វាន់ដូចជា៖ អាវយឺត ដបទឹក និងមួកសុវត្ថិភាពជាដើម។

លោកបានបន្ថែមថា ផ្អែកតាមការសិក្សា និងបានធ្វើការស្ទង់មតិប្រជាពលរដ្ឋ ឃើញថាមានបងប្អូនជាច្រើនមានបំណងចង់បានលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនដើម្បីបំពាក់លើម៉ូតូរបស់ខ្លួន។ ក្នុងនាមជាអ្នកផ្តល់សេវា ក្រសួងសាធារណការ និងដឹកជញ្ជូន មានគោលបំណងផ្តល់ជម្រើសកាន់តែសម្បូរបែបជូនប្រជាពលរដ្ឋ និងដើម្បីកៀរគរចំណូលចូលថវិកាជាតិផងដែរ។

លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន បានដាក់លក់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចចូលទៅស្វែងរកលេខចុះបញ្ជីដែលខ្លួនពេញចិត្ត ហើយអាចបំពេញពាក្យស្នើសុំចុះបញ្ជី និងពាក់ផ្លាកលេខ។ តម្លៃផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូ បានរៀបចំក្នុងតម្លៃមួយសមរម្យទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលមានតម្លៃចាប់ពី ១០ម៉ឺនរៀលឡើងទៅ។

លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន កំពុងមានការចាប់អារម្មណ៍ខ្ពស់ បន្ទាប់ពីត្រូវបង្កើតចេញពីការសំណូមពរ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់៕