(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារទី២ ខាងកើតប្រាសាទបន្ទាយប្រី ក្នុងបំណងសង្រ្គោះរចនាសម្ពន្ធប្រាសាទនេះ ឱ្យមានភាពរឹងមាំឡើងវិញ។
លោក ជា សារិទ្ធ មន្រ្តីបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នេះជាដំណាក់កាលទី២ នៃគម្រោងជួសជុលខ្លោងទ្វារនេះ បន្ទាប់ពីដំណាក់កាលទី១ ធ្វើឡើងក្នុងឆ្នាំ២០២៤ ដោយក្នុងនោះ បានសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធនឹងកិច្ចការ មានកន្លងមកនៅប្រាសាទបន្ទាយប្រី។
ដោយសារកត្តាធម្មជាតិ អាយុកាលសំណង់ និងការរំខានដោយកត្តាមនុស្សផងនោះ ធ្វើឱ្យសំណង់ប្រាសាទនេះមានការបាក់បែក និងដួលរលំជាច្រើន ដែលទាមទារឱ្យមានការសង្រ្គោះ និងជួសជុលពង្រឹងរចនាសម្ពន្ធឡើងវិញ។ ការជួសជុលពង្រឹងខ្លោងទ្វារខាងកើតនេះ លោក ជា សារិទ្ធ បានបញ្ជាក់ថា ក្រុមការងាររបស់លោកបានរើ និងរៀបថ្មឡើងវិញទាំងស្រុង។
ពេលកំណាយសិក្សាគ្រឹះ គេប្រទះឃើញថ្មជញ្ជាំងនិងដំបូល លើកលែងតែថ្មខឿនដែលគេរកមិនឃើញ ប្រហែលគេដកយកទៅប្រើនៅទីតាំងផ្សេង។ ម្ល៉ោះហើយពេលជួសជុលគេត្រូវជំនួសថ្មថ្មី ដើម្បីពង្រឹងរចនាសម្ពន្ធខឿនឱ្យរឹងមាំ។
គិតត្រឹមចុងខែមិថុនានេះ គម្រោងជួសជុលខ្លោងទ្វារទី២ខាងកើត កំពុងដំណើរការទៅមុខដោយរលូន និងរំពឹងថា អាចនឹងបញ្ចប់រួចរាល់នៅចុងខែ វិច្ឆិកា ខាងមុខនេះ។
ទោះបីស្ថិតនៅជិតប្រាសាទព្រះខ័ន ប៉ុន្តែមានទេសចរតិចណាស់ ដែលបានចូលទស្សនាប្រាសាទនេះ។ គម្រោងនេះ ធ្វើឡើងដោយអនុលោមតាមផែនការមេរបស់អាជ្ញាធរជាតិអប្សរា ដែលត្រូវធានាបាននូវសុវត្ថិភាពសំណង់ប្រាសាទ និងភ្ញៀវទេសចរ និងលើកតម្លៃសំណង់ស្ថាបត្យប្រវត្តិសាស្ត្រសម័យអង្គរ។ លើសពីនោះ គឺការពង្រីកវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយប្រីដើម្បីបញ្ចៀសការកកស្ទះពីប្រាសាទធំៗ។
សូមបញ្ជាក់ថា ប្រាសាទបន្ទាយប្រី មានទីតាំងស្ថិតនៅខាងជើងប្រាសាទព្រះខ័ន ហើយកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្មនទី៧ ស្ថិតក្នុងរចនាបថបាយ័ន នាចុងសតវត្សរ៍ទី១២ សង់ពីថ្មភក់លាយថ្មបាយក្រៀម មានកំពែង៣ជាន់ ហ៊ុំព័ទ្ធដោយកសិន្ធុទឹកមួយជាន់៕