(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំអាជ្ញាធរពាក់ព័ន្ធបន្តជំរុញការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ កំពុងស្វែងរកការងារធ្វើ ព្រោះបច្ចុប្បន្ននៅតាមតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង កំពុងមានតម្រូវការកម្លាំងពលកម្ម ហើយទីតាំងចុះឈ្មោះចូលបម្រើការងារ គឺនៅមាននៅតាមសាលាឃុំ សង្កាត់ដែលនៅជិតមូលដ្ឋានរបស់គាត់រស់នៅ។
ការណែនាំរបស់អភិបាលខេត្តស្វាយរៀង ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥របស់រដ្ឋបាលខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់សហការ ការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។
លោកអភិបាលខេត្ត បានដាក់ចេញនូវទិសដៅសំខាន់ៗ មួយចំនួនដើម្បីឲ្យអាជ្ញាធរ ក៏ដូចមន្ទីរជំនាញយកទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់រួមមាន៖
*ទី១៖ មន្ទីររៀបដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវបន្តពិនិត្យដោះស្រាយការស្នើសុំចេញប័ណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនៅភូមិមរតកជាជំហ៊ានបន្តបន្ទាប់ទៀត
*ទី២៖ មន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យដោះស្រាយតាមដានការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋនៅរដូវវស្សានេះ
*ទី៣៖ បន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តឲ្យបានល្អជូនប្រជាពលរដ្ឋ
*ទី៤៖ ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់
*ទី៥៖ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ
*ទី៦៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណើរសំណូមពរ និងបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ
*ទី៧៖ អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដានរាល់គម្រោងមូលនិធិឃុំសង្កាត់ ឬការស្ថាបនាផ្លូវត្រូវមានគុណភាព និងត្រូវតាមជំនាញបច្ចេកទេស៕