(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា ២ឆ្នាំមកនេះ រដ្ឋាភិបាលដឹកនាំដោយយុវជនបន្តវេនបានខិតខំធ្វើការ ហើយរក្សាបាននូវអ្វីដែលជាសមិទ្ធផលរបស់អ្នកជំនាន់មុន។

​ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។

សម្ដេចតេជោ បានរំលឹកពីប្រសាសន៍របស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលធ្លាប់បានលើកឡើងជាមួយសម្ដេចថា «ជួបប្អូនប្រុសគឺជាការសប្បាយ ប៉ុន្តែបែកពីឪពុកគឺជាការលំបាក» ដែលប្រដូចថាសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដូចជាប្អូនប្រុស ហើយសម្ដេចតេជោ ប្រៀបដូចជាឪពុក។

សម្ដេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា «២ឆ្នាំបានកន្លងផុត ជាមួយនឹងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្មីរបស់យើង ល្មមគ្រប់គ្រាន់ ដើម្បីទទួលយកថា យុវជនបន្តវេនបានខិតខំធ្វើការ ហើយរក្សាបាននូវអ្វីដែលជាសមិទ្ធផលរបស់អ្នកជំនាន់មុន។ សំខាន់បំផុត គឺការធានាបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការធានាបាននូវការគ្រប់គ្រងជំរុញកំណើនសេដ្ឋកិច្ច»

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា៖ «ត្រង់នេះហើយ ដែលខ្ញុំមកទីនេះដោយមិនដាក់បញ្ជាទេ ប៉ុន្តែខ្ញុំគ្រាន់តែធ្វើការតាស់តឿនតែប៉ុណ្ណោះ ព្រោះមិនអាចមាននាយករដ្ឋមន្ត្រីដល់ទៅ២រូបនោះទេ បើទោះបីជាខ្ញុំជាឪរបស់នាយករដ្ឋមន្ត្រី ខ្ញុំជាប្រធានព្រឹទ្ធសភា ដែលជាមនុស្សលំដាប់ទី២ បន្ទាប់ពីព្រះមហាក្សត្រ ប៉ុន្តែអំណាចជារបស់នាយករដ្ឋមន្ត្រីនោះទេ»