(ឧត្ដរមានជ័យ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានណែនាំដល់សមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់ ត្រូវបង្ហាញវត្តមានជាប្រចាំជាមួយអង្គបោះឆ្នោតនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីតម្រូវការ និងការចង់បានរបស់ម្ចាស់ឆ្នោត។

ក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបន្តអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន២៤៨នាក់ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើសមាជិក សមាជិកាព្រឹទ្ធសភា កុំសំងំនៅភ្នំពេញ ហើយមិនបង្ហាញវត្តមាននៅមូលដ្ឋាន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យសមាជិកព្រឹទ្ធសភាទាំងអស់មានវត្តមានជាប្រចាំជាមួយអង្គបោះឆ្នោត ដែលនៅថ្នាក់ឃុំ សង្កាត់ កុំឲ្យគេដេកស៊ីប្រាក់ខែ នៅទីក្រុងភ្នំពេញ ហើយពួកគេបោះឆ្នោតរួចហើយ បោះឆ្នោតមកសម្អាងទៅលើក្រុមប្រឹក្សា ឃុំ សង្កាត់ជាអ្នកបោះឲ្យ បន្ទាប់ពីការបោះឆ្នោតរួចហើយពេញមួយអាណត្តិ ពួកគេមិនដែលជួបមុខសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលបានបោះឆ្នោតឲ្យពួកគេនោះទេ»។

បើតាមប្រសាសន៍របស់ ប្រធានព្រឹទ្ធសភាកម្ពុជា, គោលដៅរបស់សម្ដេចតេជោ គឺជំរុញឲ្យសមាជិកព្រឹទ្ធសភាទាំងអស់ចុះមកជួបជាមួយនឹង ក្រុមប្រឹក្សាឃុំ-សង្កាត់ផ្ទាល់ ព្រោះនៅពេលចុះដល់ឃុំ-សង្កាត់-ខេត្ត បានន័យថា ចុះដល់ភូមិត្រូវជួបដល់ប្រជាជន។ ក្នុងន័យនេះ សម្ដេចតេជោ បានបញ្ជាក់ថា ត្រូវធ្វើដោយគណនេយ្យភាពជាមួយគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចនឹងកំណត់អាយុក្រោម៧៤ឆ្នាំ ដែលអាចក្លាយជាសមាជិកព្រឹទ្ធសភា ព្រោះនៅក្នុងអាណ្ណត្តិនេះ បើសមាជិកណាមួយមិនយកចិត្តទុកដាក់ធ្វើការនោះទេ នោះជម្រើសមានតែមួយគឺដើរចេញចេញពី សមាជិកព្រឹទ្ធសភា ដើម្បីជ្រើសយកសមាជិកដែលសកម្មឡើងកាន់តំណែងជំនួសវិញ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីគោលដៅថា ដើម្បីឲ្យសមាជិកព្រឹទ្ធសភាទាំងអស់ មានការចុះជួបសំណេះសំណាល នៅមូលដ្ឋានផ្ទាល់ នាពេលខាងមុខនេះ នឹងសម្រេចធ្វើការកែសម្រួល ជាមួយនឹងមណ្ឌលបោះឆ្នោត ដែលកំពុងបាននឹងពិភាក្សាគ្នាសិក្សា។ ដោយភូមិទាំងអស់មាន៨ រួមមាន៖ ឧត្ដរមានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលមានរហូតដល់៦ខេត្ត ពោលគឺមានទំហំធំ ដូច្នេះលទ្ធភាពជាច្រើនគឺសម្ដេចត្រូវយកមណ្ឌលបោះឆ្នោតរដ្ឋសភា ធ្វើជាមណ្ឌលបោះឆ្នោតព្រឹទ្ធសភាតែម្ដង៕