(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានផ្តាំទៅសារព័ត៌មានថៃមួយ ដែលចុះផ្សាយមិនត្រឹមត្រូវថា «សម្តេចដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការជំនួសដើម្បីត្រៀមវាយថៃ»។ សម្តេចបានផ្តាំទៅសារព័ត៌មាននោះថា «បើឆ្កួតសូមឆ្កួតតែពួកអ្នកឯងចុះ»។
តាមបណ្តាញសង្គម សម្តេចតេជោ បានរៀបរាប់ទាំងស្រុងថា៖
«ខ្ញុំកំពុងមកសួរសុខទុក្ខកងទ័ព មន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ វត្តមានរបស់ខ្ញុំមិនមកចេញបញ្ជាជំនួសឲ្យនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី ក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយតែជាការមកសួរសុខទុកលើកទឹកចិត្ត និងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិការទឹកដី។
បងប្អូនមេបញ្ជាការកងទ័ព បានហៅខ្ញុំថា (អគ្គភស្តុភារជាន់ខ្ពស់)។ ខ្ញុំពេញចិត្តនឹងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាល
ផ្តល់ជូន។ មុខនាទីនេះមិនតម្រូវឲ្យមានការតែងតាំងនោះទេ ព្រោះជាពាក្យនិយាយលេង។
សារព័ត៌មានថៃមួយបានចុះផ្សាយថា ខ្ញុំដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃ។ ខ្ញុំសូមផ្តាំទៅវិញថាបើឆ្កួតសូមឆ្កួតតែពួកអ្នកឯងចុះ។
ខ្ញុំជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ តើមានការចាំបាច់ទេ ដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះ ដែលសូម្បីតែតួនាទីជា នាយករដ្ឋមន្ត្រី
ក៏ខ្ញុំមិនបន្តធ្វើដែរនោះ? ឈប់បានឈប់ទៅ និងសូមកុំចូលមកឈ្លានពាន Facebook ខ្ញុំទៀត»៕