(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS, តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី «ប្រកាសចូលរួមអនុវត្តគម្រោង FMIS និងបញ្ជ្រាបការយល់ដឹងទៅការដ្ឋានថ្មី» ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍ, ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត, ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។
កម្មវិធីនេះ មានគោលបំណងសំខាន់ចំនួនពីរ គឺទី១. ប្រកាសជាផ្លូវការនូវការដ្ឋាន ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ដោយការដ្ឋានទាំងនោះ នឹងត្រូវចូលរួមអនុវត្តតាមរំហូរនៃកិច្ចសហការនានា និងជាបន្តបន្ទាប់ ដើម្បីឈានទៅប្រើប្រាស់ FMIS ឬ អនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង។ ទី២. ការរៀបចំឱ្យមានការបញ្ជ្រាបការយល់ដឹង ក្នុងកម្រិតបឋមជូនថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមការដ្ឋាន ដែលត្រូវដាក់ឱ្យប្រើប្រាស់មុខងាររបស់ FMIS ដើម្បីជ្រាបច្បាស់អំពីកិច្ចការបន្តផ្សេងៗទៀត ក្នុងឆ្នាំ២០២៥ និងត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ FMIS ជាផ្លូវការនាពេលខាងមុខ គឺនៅក្នុងឆ្នាំ២០២៥នេះ និង ដើមត្រីមាសទី១ ឆ្នាំ២០២៦ សម្រាប់រៀបចំគ្រប់គ្រង និងអនុវត្តថវិការបស់ស្ថាប័នខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាសាធារណៈ ឱ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ ។
ថ្លែងក្នុងពិធីនេះ, បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គពិធីថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា តែងតែផ្តោតការយកចិត្តទុកដាក់ ផ្តល់អនុសាសន៍ និងការតម្រង់ទិសដ៏ខ្ពង់ខ្ពស់បំផុត លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាឃ្នាស់សម្រាប់ការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច និងនយោបាយ។
ស្របតាមចក្ខុវិស័យនេះ, នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈរដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យ “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨ (BSRS)” កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា “បើគ្មានការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), រាជរដ្ឋាភិបាល នឹងមិនអាចសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលនោះទេ” ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចថា ភាពជោគជ័យនៃការអនុវត្ត FMIS បានបង្ហាញអំពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តអាទិភាពគន្លឹះទី ៥ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ គឺ “បច្ចេកវិទ្យា” ដែលនេះគឺជាគំរូដ៏ល្អមួយ ដែលអាចក្លាយទៅជាឧទាហរណ៍សម្រាប់ការធ្វើទំនើបកម្ម ក្នុងវិស័យសាធារណៈផ្សេងទៀត ។
លោកបណ្ឌិតសភាចារ្យ បានគូសរំលេចផងដែរថា ស្របតាម “ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី ៣ ឆ្នាំ ២០២១-២០២៥” និង “ផែនការសកម្មភាពរួមដំណាក់កាលទី ៤ឆ្នាំ ២០២៣-២០២៧ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”, FMIS បានចូលរួមចំណែកកសាងភាពជឿជាក់ឡើងវិញ និងអភិវឌ្ឍសមត្ថភាព របស់បុគ្គលិកមន្រ្តីរាជការគ្រប់កម្រិត ដើម្បីទទួលស្គាល់ និង ចាប់យកបរិវត្តកម្មឌីធីថល សម្រាប់កិច្ចការប្រចាំថ្ងៃ ក្នុងការផ្តល់សេវាសាធារណៈនានា។
លោក អាន់ថូនី រ៉ូប៊ើត ហ្កៀល (Anthony Robert Gill) ប្រធានផ្នែកប្រតិបត្តិការ នៃធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា បានគូសរំលេចអំពីសារៈសំខាន់នៃការគ្រប់គ្រងការផ្លាស់ប្តូរ និងនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុងជំនួសឱ្យការប្រើប្រាស់ឯកសារជាក្រដាស នៅខាងក្រៅប្រព័ន្ធ បានជួយសម្រួលដល់ការទូទាត់ថវិកា បានទាន់ពេល និងមានប្រសិទ្ធភាព។ ទន្ទឹមនេះ, លោក អាន់ថូនី រ៉ូប៊ើត ហ្កៀល បានបង្ហាញអំពីឆន្ទៈរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការបន្តគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីការអនុវត្តជំហានទី១ រហូតមកដល់បច្ចុប្បន្ន, ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS សរុបមានចំនួន ៣០៥ ការដ្ឋាន, មុខងារប្រព័ន្ធដែលកំពុងដំណើរការមានចំនួន ៨មុខងារ, សន្ធានកម្មជាមួយប្រព័ន្ធខាងក្រៅមានចំនួន ១៦ប្រព័ន្ធ, របាយការណ៍ផលិតចេញពីប្រព័ន្ធសរុបមានចំនួន ៦៦ របាយការណ៍ និងអ្នកប្រើប្រាស់ប្រព័ន្ធសរុបមានចំនួន ៣ ២១៨រូប។ ដោយឡែក, សម្រាប់ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS Portal ជំនាន់ទី១ មានចំនួន ១ ៨៧០ការដ្ឋាន និងអ្នកប្រើប្រាស់ប្រព័ន្ធនេះ សរុបមានចំនួន ៣ ៣៧២រូប។
លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា បច្ចុប្បន្ន FMIS មិនត្រឹមតែក្លាយជាមូលដ្ឋានគ្រឹះ នៃប្រព័ន្ធថវិកាកម្ពុជាប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងបាន និង កំពុងជួយជំរុញការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និងជំរុញការធ្វើវិមជ្ឈការនៃការគ្រប់គ្រង និងការអនុវត្តថវិកា ជូនអង្គភាពថវិកាផ្ទាល់ តាមរយៈការពង្រីកការដាក់ឱ្យអនុវត្ត FMIS ទៅដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងការដាក់ឱ្យអនុវត្តនីតិវិធីតាម FMIS ទាំងស្រុងជាជំហានៗ។
ការណ៍នេះ បានចូលរួមចំណែកក្នុងការពង្រឹងលទ្ធភាពគ្រប់គ្រង ចាត់ចែង និងទទួលខុសត្រូវ លើថវិការបស់ក្រសួង-ស្ថាប័ន តាមរយៈការអនុវត្តនីតិវិធីទូទាត់ ឱ្យកាន់តែមានភាពងាយស្រួល និងរហ័សតាមបែបឌីជីថល ក្នុងទិសដៅបង្កើនប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ក្នុងការរៀបចំគ្រប់គ្រង និងអនុវត្តថវិការបស់ក្រសួង-ស្ថាប័ន៕