(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ខេត្តពោធិ៍សាត់បានប្តេជ្ញាចិត្តរួមគ្នា អនុវត្តគោលការ របស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានទិសស្លោក «មានគ្រឿងញៀនអត់អភិបាលស្រុក មានអភិបាលស្រុកអត់គ្រឿងញៀន» ដើម្បីបង្ហាញពីឆន្ទៈប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្ត។
លោកបានលើកឡើងបែបនេះ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង ក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក ខូយ រីដា បានថ្លែងថា ការរៀបចំទិវានេះឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដើម្បីជំរុញការលើកទឹកចិត្តជនគ្រប់រូប គ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាននៃសង្គម ឱ្យចូលរួមកាន់តែសកម្មថែមទៀត ជាពិសេសលើការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់រាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
លោកសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារលិខិតប្រកបដោយអត្ថន័យ និងខ្លឹមសារដ៏ធំធេង របស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសអនុវត្តបទបញ្ជា០១បប «សម្អាតចកចេញពីបឹង» តាមរយៈការបន្តធ្វើតេស្តរកសារធាតុញៀន ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជាប់ជាប្រចាំ ដើម្បីរក្សាភាពស្អាតស្អំ និងអភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋ។ បន្ថែមពីនោះ លោកក៏បានប្តេជ្ញាចិត្តបង្ហាញពីឆន្ទះរួមគ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្ត ពោលគឺអនុវត្តតាមប្រសាសន៍ របស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រើពាក្យថា «មានគ្រឿងញៀនអត់អភិបាលស្រុក មានអភិបាលស្រុកអត់គ្រឿងញៀន» ព្រោះថាកន្លងមក ខេត្តពោធិ៍សាត់បានអនុវត្តចេញផ្លែផ្ការួចមកហើយ នូវយុទ្ធនាការ «មានសំរាម អត់អភិបាលស្រុក មានអភិបាលស្រុក អត់សំរាម, មានសំរាម អត់មេឃុំ មានមេឃុំ អត់សំរាម»។
ដើម្បីអនុវត្តឱ្យខាងតែបាន នូវខ្លឹមសារនៃសារលិខិត របស់សម្តេចបវរធិបតី, លោក ខូយ រីដា ក៏បានណែនាំ និងដាក់ចេញនូវទិសដៅ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង/ស្រុក និងរដ្ឋបាលឃុំ/សង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធត្រូវ៖
ទី១៖ ម្ចាស់ការ និងទទួលខុសត្រូវ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ហា ដែលមានការ ពាក់ព័ន្ធ នឹងគ្រឿងញៀន ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តឱ្យមានប្រសិទ្ធភាព នូវទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន «៣កុំ, ១រាយការណ៍»។
ទី២៖ បន្តពង្រឹងសមត្ថភាព និងគុណភាព នៃការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងនៅតាមមូលដ្ឋានសុខាភិបាល និងនៅតាមមណ្ឌលអប់រំកែប្រែ ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀន។
ទី៣៖ បង្កើនការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងជាសាធារណៈ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មផុលផុស ពីគ្រប់ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជា វិស័យសាសនា វិស័យឯកជន សប្បុរសជន អង្គការ សមាគមជាដៃគូ ដោយបង្កើនការអប់រំ ផ្សព្វផ្សាយតាមរយៈ បណ្តាញសង្គម បណ្តាញព័ត៌មាន និងនៅក្នុងវេទិការនានា នៅតាមមូលដ្ឋានឱ្យបានជាប្រចាំ។
ទី៤៖ បន្តរៀបចំ និងពង្រឹងយន្តការរបស់ខ្លួន ហើយបន្តយកចិត្តទុកដាក់អនុវត្តនូវតួនាទីភារកិច្ច ឱ្យមានប្រសិទ្ធភាពខ្ពស់ តាមទិសដៅ ការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៥នេះ។
ទី៥៖ ជំរុញការរៀបចំ និងពង្រឹងការគ្រប់គ្រងទិន្នន័យអ្នកញៀន និងមុខសញ្ញាអ្នកប្រើប្រាស់គ្រឿងញៀន ឱ្យបានច្បាស់លាស់ និងមានលក្ខណៈជាប្រព័ន្ធ។
ទី៦៖ បន្តយកចិត្តទុកដាក់ ពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា និងមានសុវត្ថិភាព គ្រប់ពេលវេលា គ្រប់ទីកន្លែង។
គួរជម្រាបជូនថា ក្នុងឆ្នាំ២០២៤កន្លងមកនេះ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ និងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន២៧៨ករណី, ឃាត់ខ្លួនជនសង្ស័យ ចំនួន៤៨៩នាក់ ស្រី៣២នាក់ ក្នុងនោះករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ចំនួន១៣៩ករណី, ករណីចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់ ចំនួន០៤ករណី, ករណីប្រើប្រាស់ដោយខុសច្បាប់ ចំនួន១២៥ករណី និងករណីបើកបរក្រោមឥទ្ធិពលគ្រឿងញៀន ចំនួន០២ករណី។
ក្នុងនោះសមត្ថកិច្ចនគរបាលខេត្ត ដកហូតសម្ភារៈ វត្ថុតាង និងមធ្យោបាយប្រព្រឹត្តបទល្មើស បានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន៥២២កញ្ចប់ ទម្ងន់៤,៤០០.២៧ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន២៨គ្រឿង, ម៉ូតូ១២០គ្រឿង, ទូរស័ព្ទដៃ២៩៧គ្រឿង, កាំភ្លើងកែឆ្នៃ០៦ដើម, លុយបាត២,២៥០បាត, លុយខ្មែរ៥,១៤៩,០០០រៀល, ឧបករណ៍វេចខ្ចប់ និងបម្រើឱ្យការជក់មួយចំនួនធំ។ ដោយឡែកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ដកហូតសម្ភារៈ វត្ថុតាង និងមធ្យោបាយប្រព្រឹត្តបទល្មើស បានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន២១កញ្ចប់ ទម្ងន់២៥.១៩ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង, ម៉ូតូ០២គ្រឿង, ទូរស័ព្ទដៃ០៧គ្រឿង, កាំភ្លើងកែឆ្នៃ០១ដើម, ឧបករណ៍វេចខ្ចប់ និងបម្រើឱ្យការជក់មួយចំនួន។
ចំពោះចំណាត់ការផ្លូវច្បាប់ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ និងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ចំនួន២៦៥នាក់, បញ្ជូនទៅមណ្ឌលអប់រំកែប្រែស្ដារនីតិសម្បទា ចំនួន១៨៧នាក់ និងធ្វើការអប់រំនៅថ្នាក់មូលដ្ឋា ចំនួន១២៤នាក់ និងដាក់ឱ្យស្ថិតក្នុងការត្រួតពិនិត្យតាមផ្លូវតុលាការ ចំនួន៣៤នាក់។ បន្ថែមពីនោះ សមត្ថកិច្ចបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានសិក្សានានា ធ្វើការផ្សព្វផ្សាយអំពីច្បាប់ និងផលប៉ះពាល់បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន បានចំនួន៨៩លើកផងដែរ៕