(ព្រះវិហារ)៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថាអ្វីដែលប្រទេសថៃគួរធ្វើនៅពេលនេះ គឺត្រូវរកមេដឹកនាំថ្មី ព្រោះពេលនេះថៃមានជម្លោះជាមួយប្រទេសផ្សេងទាំងអស់នៅជុំវិញប្រទេស ហើយព្រំដែនកម្ពុជាត្រូវបានបិទក្រោយគេនោះទេ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

សម្ដេចតេជោ បានថ្លែងថា ជំនាន់នាយករដ្ឋមន្ដ្រីថៃ ប្រាយុទ្ធ ចាន់អូចារ រយៈពេលជាង១០ឆ្នាំមិនមានបញ្ហាគឺកម្ពុជា-ថៃ បានឈានទៅភ្ជាប់ទំនាក់ទំនងខ្ពស់បំផុត ប៉ុន្តែឥឡូវនេះប្រទេសថៃមានបញ្ហាជាមួយប្រទេសទាំងអស់ជុំវិញខ្លួន ខណៈដែលព្រំដែនកម្ពុជាត្រូវបានក្រោយគេនោះទេ។

ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំនឹងសង្ឃឹមថា នឹងមាននាយករដ្ឋមន្ត្រីថ្មីមួយឡើងមកកែសម្រួល ហើយយើងនឹងត្រៀមខ្លួនធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រីក្រោយទៀត។ យើងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងថៃនោះទេ ក៏ប៉ុន្តែខ្ញុំដឹងថាតម្រូវការរបស់ប្រជាជនថៃនៅពេលនេះ ក៏ត្រូវការមានមេដឹកនាំថ្មីដែរ..»។

«តាមការសង្កេតរបស់ខ្ញុំ យ៉ាងយូរ៣ខែទៀតនឹងមាននាយករដ្ឋមន្ត្រីថ្មីឡើងមកកាន់តំណែង ឥឡូវចាំមើលទៅបើខ្ញុំទាយខុសទុកចោលទៅចុះ ចាត់ទុកថាខ្ញុំខុស ប៉ុន្តែប្រហែលជាមិនខុសទេ។ តុលាការធម្មនុញ្ញ ឬក៏ក្នុងសភារបស់ថៃ គេមិនអនុញ្ញាតឱ្យមនុស្សបែបនេះដឹកនាំប្រទេសទេ ហើយក៏មិនដឹងថាតើនាយករដ្ឋមន្ត្រីមានអំណាចឬក៏កងទ័ពមានអំណាច ហើយយើគោរពការសម្រេចចិត្តរបស់ប្រជាជនថៃ»។ នេះបើតាមការសង្កត់ធ្ងន់របស់សម្ដេចតេជោ​ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។

សូមជម្រាបថា ក្រោយព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជម្លោះព្រំដែនកម្ពុជា-ថៃ​នៅមិនទាន់ត្រឡប់មកសភាពប្រក្រតីបាននៅឡើយ ដ្បិតកងទ័ពថៃនៅតែសម្រេចចិត្តជាឯកតោភាគី ក្នុងការដាក់សម្ពាធមកលើកម្ពុជា រួមទាំងការគំរាមផ្ដាច់អ៊ីនធឺណេត អគ្គិសនី ទំនិញ ការកែសម្រួលម៉ោងចេញចូលនៅតាមបណ្ដោយព្រំដែន និងការបិទច្រកព្រំដែនជាអាទិ៍។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅតែប្រកាសពីជំហររបស់កម្ពុជាក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយកម្ពុជាក៏បានបញ្ជូនពាក្យបណ្ដឹងទៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងកម្មវត្ថុ៤សំខាន់ ដូចជាតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីជូនទៅតុលាការដោះស្រាយ កំណត់នូវបង្គោលព្រំដែនសន្តិភាពមួយសម្រាប់កម្ពុជា និងថៃ។ កម្ពុជានៅតែប្រកាន់ជំហរគោរពនូវច្បាប់អន្តរជាតិ និងគ្មានបំណងឈ្លានពានទឹកដីប្រទេសណាមួយនោះទេ ក៏ប៉ុន្តែកម្ពុជាក៏សូមរក្សាសិទ្ធិក្នុងការប្រើនូវកម្លាំងប្រដាប់អាវុធ ករណីមានការឈ្លានពានណាមួយកើតឡើង៕