(ភ្នំពេញ)៖ សម្ដេចតេជោនាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងឲ្យដឹងថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចសម្ដេចតេជោ ហ៊ុន សែន គឺមានមានសិទ្ធិពិគ្រោះយោបល់ ជាមួយនាយករដ្ឋមន្ដ្រីក្នុងការតែងតាំង។

ការលើកឡើងរបស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចតេជោនាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ដូចខ្ញុំនិយាយអីចឹង ខ្ញុំជាអ្នកតែងតាំងមេទ័ព, ខ្ញុំជាអ្នករៀបចំ​ និយាយមួយបែបក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិរៀបចំជាមួយនាយករដ្ឋមន្រ្ដី កាលពីមុនខ្ញុំធ្វើជានាយករដ្ឋមន្រ្ដីផង ធ្វើជាប្រធានបក្សផងខ្ញុំធ្វើសព្វគ្រប់ ប៉ុន្ដែឥឡូវនេះអំណាចតែងតាំងគឺស្ថិតលើនាយករដ្ឋមន្រ្ដី ក៏ប៉ុន្ដែត្រូវបានពិគ្រោះយោបល់ ជាមួយប្រធានគណបក្សកាន់អំណាច [......]»

សម្ដេចតេជោនាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ក្នុងនោះសូម្បីតែសំណើរតែងតាំងនាយករដ្ឋមន្រ្ដី គឺប្រធានគណបក្សកាន់អំណាច គឺខ្ញុំជាអ្នកស្នើតែងតាំងរដ្ឋធម្មនុញ្ញតម្រូវបែបនេះ។ ដូច្នេះតើមានការចាំបាច់ឲ្យខ្ញុំធ្វើ អគ្គបញ្ជារការកងទ័ពធ្វើអ្វី»

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា សូមរំលឹកអំពីការទទួលបានផ្កាយ ដោយកាលពីដើមមកព្រះមហាក្សត្រព្រះប្រទាន តាំងតែពីឆ្នាំ២០០៧គិតដល់ឆ្នាំ២០២៥នេះ មានរយៈពេល១៨ឆ្នាំមកហើយ ដោយមានឈ្មោះថា នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ដែលមិនមែនជាទាហានធម្មតានោះទេ តែជាទាហានដែលឆ្លងកាត់សមរភូមិ ដោយបានរងរបួសចំនួន៥ដង និងចូលសមរភូមិចំនួន១០៥លើក ដូច្នេះសូមអ្នកកុំភ័ន្ដច្រឡំ។

សម្ដេចតេជោនាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន បានបន្ថែមថា សម្រាប់យុទ្ធសាស្រ្ដ, យុទ្ធវិធីកងទ័ព គឺមានតាំងតែពីកូនទាហាន រហូតដល់ក្លាយទៅជាមេដឹកនាំប្រទេស ចំពោះការធ្វើជាមេដឹកនាំប្រទេស ត្រូវបានគេប្រសិទ្ធនាមថា ជានាយករដ្ឋមន្រ្ដីដែលយូរជាងគេនៅលើពិភពលោក៕