(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានទម្លាយឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ នាយករដ្ឋមន្ត្រីថៃ ធ្លាប់បានផ្តាំតាមមនុស្សម្នាក់ មកប្រាប់សម្តេចអំពីផែនការប្តូរលោក អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ចេញពីដោយរៀបចំតំណែងនេះ ដាក់គ្នារបស់ខ្លួន ដែលមកពីគណបក្សភឿថៃវិញ។

បន្ថែមលើសពីនេះ សម្តេចតេជោ ហ៊ុន សែន ព្រមានខ្លាំងទម្លាយសារសំខាន់ៗ អំពីក្រុមគ្រួសាររបស់លោក ថាក់ ស៊ីន រាប់ទាំងការប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួន។ សម្តេចបានបង្ហាញនូវការខកចិត្ត ដែលធ្លាប់បានជួយលោក ថាក់ ស៉ីន និងក្រុមគ្រួសាររបស់លោក ដល់ពេលមានឱកាសឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បែរជាបណ្តោយឱ្យមានបញ្ហាធ្ងន់ធ្ងរជាមួយកម្ពុជា ក្នុងទម្លោះព្រំដែននៅពេលនេះ។

សម្តេចបញ្ជាក់ថា «ថ្ងៃស្អែកខ្ញុំនឹងបកស្រាយជូនអ្នកឯង សូម្បីតែអ្នកឯង ដូរឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ក៏អ្នកឯងផ្តាំមកខ្ញុំដែរ សូម្បីតែគ្នារបស់អ្នកឯង អ្នកឯងក្បត់ទៅហើយ តើជាមួយខ្ញុំអ្នកឯងក្បត់ទេ ច្បាស់ជាហ៊ានក្បត់។ ថ្ងៃទី១៥ ខែមិថុនា អ្នកឯងផ្តាំតាមមនុស្សម្នាក់ ដូរ អនុធីន ចេញពីរដ្ឋមន្ត្រីមហាផ្ទៃ ដើម្បីយកក្រសួងមកឱ្យភឿថៃ កាន់ ខ្ញុំបានប្រាប់ទៅអ្នកឯងវិញថា ដូរគេប្រយ័ត្នគេដូរខ្លួនឯង ហើយអ្នកឯងរង់ចាំមើលទៅនូវលទ្ធផល បើអ្នកឯងព្រហើនខ្ញុំនឹងលាតត្រដាងទាំងអស់នៅថ្ងៃស្អែក»

ការទម្លាយអំពីទំនាក់ទំនងនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួន ចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

សម្តេចសង្ឃឹមថា នៅពេលឆាប់ៗខាងមុខ ថៃនឹងមាននាយករដ្ឋមន្ត្រី ដើម្បីរួមគ្នាដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រោះសម្តេចជឿជាក់ថា ប្រជាជនថៃ ក៏ដូចប្រជាជនកម្ពុជា គឺត្រូវការសន្តិភាព៕