(ពោធិ៍សាត់)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍ គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំសន្និបាត អាណត្តិទី៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដោយមានការរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិទីស្នាក់ការកណ្តាល និងក្រុមប្រតិបត្តិសាខា សរុបចំនួន២២នាក់។
ក្នុងឱកាសនេះ លោកស្រី ពុំ ចន្ទីនី បានថ្លែងអំណរគុណ ចំពោះសមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា បានលះបង់កម្លាំងកាយចិត្ត ក្នុងការចូលរួមជួយសម្រាលការលំបាក របស់បងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត បានឆាប់រហ័ស និងទាន់ពេលវេលា។
លោកស្រី បានបន្តថា ដើម្បីរៀបចំសន្និបាត ឱ្យប្រព្រឹត្តទៅបានរលូន ត្រូវរៀបចំរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុលម្អិត និងសង្ខេប ហើយត្រូវមានការវាយតម្លៃឱ្យបានច្បាស់លាស់ និងត្រូវជ្រើសរើសសមាសភាពដែលមានសក្តានុពល ដើម្បីដឹកនាំជួយដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានកាន់តែប្រសើរជាងមុន៕