(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ មេដឹកនាំបក្សប្រជាជនកម្ពុជាទាំងអស់ នឹងមានជួបជុំប្រារព្ធពិធីបុណ្យខួប១០ឆ្នាំ នៃមរណភាពសម្តេច ជា ស៊ីម និងខួប ១៦ឆ្នាំ នៃមរណភាពភរិយាសម្តេច ជា ស៊ីម នៅក្នុងខេត្ដព្រៃវែង។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកចាំមើល ថ្ងៃទី២ ខែកក្កដា ខាងមុខ តើពួកយើងខ្ញុំធ្វើអ្វីខ្លះ ជាខួប១០ឆ្នាំ នៃមរណភាពរបស់សម្តេចប្រធាន ជា ស៊ីម និងខួប១៦ឆ្នាំ នៃមរណភាពភរិយាសម្តេច ជា ស៊ីម»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា មេដឹកនាំបក្សប្រជាជនកម្ពុជាទាំងអស់ នឹងប្រមូលផ្ដុំនៅខេត្ដព្រៃវែង ទោះបីសម្ដេច ជា ស៊ីម មរណកាលទៅហើយក្ដី ក៏ប៉ុន្ដែពួកយើង អត់បានបំភ្លេចពួកគាត់ចោលនោះទេ។

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ មានទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីសិង្ហបុរី ក៏ប៉ុន្ដែសម្ដេចបានស្នើសុំ ឲ្យមានការរៀបចំ មុននឹងចរចាផ្លូវការ មកជួបសម្ដេចជាមុនសិន ដើម្បីឲ្យសម្ដេចមានឱកាសចេញទៅខេត្ដព្រៃវែង ឲ្យបានទាន់ពេលវេលា។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា នៅពេលដែលកិច្ចចរចាផ្លូវការ រវាងនាយករដ្ឋមន្ដ្រីកម្ពុជា ជាមួយនឹងនាយករដ្ឋមន្ដ្រីសិង្ហបុរី បានធ្វើរួចរាល់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ចាកចេញទៅខេត្ដព្រៃវែងផងដែរ ដើម្បីចូលរួមខួបមរណភាពសម្តេច ជា ស៊ីម និងភរិយា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេច ជា ស៊ីម ជាមេដឹកនាំរបស់យើង ជំនាន់ទី១ ដូច្នេះពួកយើងមិនចោលគ្នានោះទេ ចឹងសូមសម្លឹងមើលត្រង់ចំណុចនេះ ហើយក៏មិនមែនជាការសម្ដែងនោះទេ។

សូមជម្រាបថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម គឺជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានចូលរួមដឹកនាំចលនាតស៊ូ ប្រឆាំងនឹងខ្មែរក្រហម ហើយនាំមកនូវសុខសន្តិភាព ដល់ប្រទេសកម្ពុជាបច្ចុប្បន្ន។ សម្តេចបានទទួលមរណភាព នៅម៉ោង ១៥៖៤៥នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ៕

</p