(ព្រះវិហារ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញមកទម្លាយថា អតីតនាយករដ្ឋមន្ដ្រីថៃ លោកស្រី យីងឡាក់ ស៉ីណាវ៉ាត្រ ប្អូនស្រីបង្កើតរបស់លោក ថាក់ស៉ីន ស៉ីណាវ៉ាត្រ កាន់លិខិតឆ្លងដែនកម្ពុជា ដែលត្រូវបានសម្ដេចជួយ ដើម្បីគេចពីប្រទេសថៃ ទៅស្នាក់នៅក្រៅប្រទេស។
ក្នុងឱកាសជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តព្រះវិហារ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ចំពោះបញ្ហានេះសម្ដេចមិនចង់ទម្លាយទេ ប៉ុន្តែសម្តេចអស់ភាពអត់ធ្មត់ចំពោះលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បន្ទាប់ពីលោកស្រី ចេញមកវាយប្រហារសម្តេចម្តងហើយ ម្តងទៀត។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំអាណិតយីងឡាក់ សព្វថ្ងៃកំពុងកាន់លិខិតឆ្លងដែនខ្មែរ នៅតែឯងក្រៅប្រទេស ប៉ុន្តែរងគ្រោះដោយសារបងខ្លួនឯង ឥឡូវរងគ្រោះដោយសារក្មួយខ្លួនឯងទៀត ខ្ញុំមិនចង់យាយ តែត្រូវតែយាយ ពេលហ្នឹងរថយន្តដឹកយីនឡាក់ចេញពីប៉ោយប៉ែត ទន្ទឹមការហោះមកពីស៊ីងហ្គាពួរមកសៀមរាប យន្តហោះចុះដីភ្លាមចូលឡានភ្លាម រឿងទាំងអស់បានទម្លាយក្នុងថ្ងៃនេះ»។
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចមិនបានប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងប្រទេសថៃនោះទេ ពោលគឺ សម្ដេចប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីសង្គ្រោះមនុស្សដោយគុណធម៌។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំស្ដាយមិត្តភាព៣០ឆ្នាំត្រូវបំផ្លាញ ដោយសារកូនស្រីរបស់មិត្តភក្ដិ» និងបានបង្ហាញពីការអស់ភាពអត់ធ្មត់ ដែលលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចេញមកវាយប្រហារ។ សម្ដេចបានបញ្ជាក់តបទៅវិញថា «លោកស្រីនាយករដ្ឋមន្ត្រីថៃ អាចប្រមាថមេទ័ពថៃបាន ប៉ុន្តែមិនអាចប្រមាថសម្តេចបាននោះឡើយ»។
គួរជម្រាបថា លោកស្រី យីនឡាក់ ស៊ីនវ៉ាត្រា (Yingluck Shinawatra) គឺជាអតីតនាយករដ្ឋមន្ដ្រីទី២៨ និងជាអតីតនាយករដ្ឋមន្ដ្រីស្ត្រីដំបូងរបស់ប្រទេសថៃបន្ទាប់ពីការ បោះឆ្នោតឆ្នាំ២០១១។ ក្រោយមក បក្សរបស់លោកស្រី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពី អំណាចនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដោយរកឃើញថា លោកស្រី បំពានអំណាច និងប្រព្រឹត្តអំពើពុករលួយ។
តុលាការកំពូលប្រទេសថៃ បានសម្រេចផ្ដន្ទានទោស លោក ស្រី យីនឡាក់ ឲ្យជាប់ពន្ធធនគារ។ ប៉ុន្តែនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ សមាជិកជាន់ខ្ពស់ក្នុង ចំណោមបក្សរបស់លោកស្រី បានឲ្យដឹងថា លោកស្រីបានចាកចេញពីប្រទេសថៃ មួយសប្តាហ៍មុនបាត់ទៅហើយ ដោយបានរត់គេចខ្លួនទៅស្នាក់នៅ ទីក្រុងឌូបៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ទោះជាបច្ចុប្បន្នលោកស្រីមិនរស់នៅប្រទេសថៃ ប៉ុន្តែត្រកូលស៊ីនវ៉ាត្រានៅតែជាទីចាប់អារម្មណ៍របស់មហាជន៕
</p