(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ទៅ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីថៃថា កុំនិយាយរឿងគុណធម៌ជាមួយសម្តេចតទៅទៀត ព្រោះលោកស្រីគឺជាក្មេងម្នាក់ ដែលបានប្រមាថលើមនុស្សចាស់ នោះគឺសម្តេចដែលជាមេដឹកនាំកំពូលមួយរូប។
ការលើកឡើងបែបនេះរបស់សម្ដេច បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមាថរបស់ លោកស្រី ផែថងថាន ដចំពោះសម្តេចកន្លងមក និងលាតត្រដាងអំពីសម្តីរបស់លោកស្រី ដែលបានប្រមាថចំពោះកងទ័ពថៃ ពេលសន្ទនាតាមទូរស័ព្ទជាមួយសម្តេចផងដែរ។ សម្តេចបានលើកឡើងថា ក្នុងនាមមេដឹកនាំ សម្តេចមិនបានបន្ទោសបង្អាប់មន្ត្រីខ្លួនឯងចំពោះមុខបរទេសនោះទេ។
ទន្ទឹមនឹងនេះ សម្តេចបានលើកឡើងថា៖ «សូមលោកជំទាវកុំនិយាយរឿងបញ្ហាគុណធម៌ជាមួួយខ្ញុំ ក្នុងពេលដែលលោកជំទាវ ជាក្មេងម្នាក់ដែលប្រមាថមនុស្សចាស់»។
សម្តេចបានបន្តថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត ជានាយករដ្ឋមន្រ្តី សម្តេចបានទទួលស្គាល់ហើយ ប៉ុន្តែលោកស្រីក៏ត្រូវទទួលស្គាល់ថា សម្តេចក៏ជាមេដឹកនាំនៅក្នុងអំណាចមួយដែរ ដែលសម្តេចមានតួនាទីលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីព្រះមហាក្សត្រ។
ជាមួយគ្នានេះ សម្តេចបានលើកឡើងថា គ្មានច្បាប់ណាដែលហាមឃាត់មិនឱ្យថតសំឡេងនោះទេ ប្រទេសណាក៏ដោយ បើគេទូរស័ព្ទរកគ្នា គេថតទុកសំឡេងហើយ ដើម្បីទុកជាឯកសារ ដែលវាជាផ្នែកមួយនៃឯកសារក្នុងទំនាក់ទំនងជាមួយបរទេស។សម្តេចបានលើកឡើងថា នៅសម័យនេះឱ្យតែប្រើប្រាស់កាប៊ីនបកប្រែ គឺត្រូវបានថតសំឡេងទាំងអស់ ព្រោះមិនអាចកត់ត្រាទាន់នោះទេ។
យ៉ាងណាមិញ សម្តេចក៏បានបញ្ចួសឱ្យអ្នកដែលចង់ប្តឹងសម្តេចនៅតុលាការប្រទេសថៃ ឱ្យប្តឹងទៅ ដោយសម្តេចមិនខ្លាចនោះទេ ព្រោះសម្តេចនៅកម្ពុជា មិនមែននៅស្រុកថៃនោះឡើយ ហើយតុលាការថៃក៏គ្មានយុត្តាធិការលើសម្តេចដែរ ទោះបីជាប្តឹង៥ពាន់ដងទៀត ក៏សម្តេចមិនខ្លាចដែរ៕
</p