(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហើបឱ្យដឹងថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ តុលាការធម្មនុញ្ញថៃ នឹងពិនិត្យលើការព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់ថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ។
ដោយឡែកឪពុកបង្កើត គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ នឹងត្រូវឡើងសវនាការជំនុំជម្រះជុំវិញការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ នៅសប្ដាហ៍ក្រោយផងដែរ។
ការបង្ហើបបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា បានត្រៀមខ្លួននឹងធ្វើប្រក្រតីភាពឡើងវិញជាមួយនឹងថៃ ក៏ប៉ុន្តែ ប្រហែលមិនអាចធ្វើការងារនៅក្នុងអាណត្តិរបស់នាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្ននេះនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបយ៉ាងដូច្នេះថា៖ «ខ្ញុំលឺថា នៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះ តុលាការធម្មនុញ្ញថៃនឹងធ្វើការពិនិត្យទៅលើបញ្ហាការព្យួរតំណែង របស់នាយករដ្ឋមន្ត្រី ហ្នឹងជាកិច្ចការផ្ទៃក្នុងថៃ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅថៃថា សម័យនេះ សម័យតេជោធិបតី កុំយកការគំរាមលើកម្ពុជា មិនអាចទៅរួចទេ។
បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ នឹងត្រូវឡើងសវនាការជំនុំជម្រះជុំវិញការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនៅសប្ដាហ៍ក្រោយ ក្នុងពេលដែលថៃកំពុងរួមរឹបដោយវិបត្តិនយោបាយ ហើយកូនស្រីរបស់លោកកំពុងប្រឈមនឹងការទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី ខណៈក្រុមសកម្មជនគំរាមធ្វើបាតុកម្មទ្រង់ទ្រាយធំ។
ថៃបាននឹងកំពុងប្រឈមនឹងភាពចលាចលនយោបាយសាជាថ្មី ដោយនៅប៉ុន្មានសប្ដាហ៍ខាងមុខ សវនាការជាបន្តបន្ទាប់អាចនឹងនាំទៅរកការបិទបញ្ចប់មុខតំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រីឯលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាឪពុកអាចនឹងត្រូវជាប់ពន្ធនាគារ។ សវនាការជំនុំជម្រះលើលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ គ្រោងនឹងផ្ដើមធ្វើឡើងចាប់ពីថ្ងៃអង្គារសប្ដាហ៍ក្រោយ ជុំវិញការចោទប្រកាន់ថារូបលោកបានប្រមាថព្រះមហាក្សត្រថៃ ដែលជាទោសធ្ងន់ធ្ងរបំផុតមួយក្នុងប្រទេសថៃ ដោយអ្នកល្មើសអាចប្រឈមជាប់ពន្ធនាគារអតិបរាមា ១៥ឆ្នាំ។ ការចោទប្រកាន់ប្រឆាំង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ធ្វើឡើងដោយសំអាងលើបទសម្ភាសន៍របស់អតីតនាយករដ្ឋមន្ត្រីរូបនេះជាមួយប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៥។
សវនាការរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អាចនឹងមានរយៈពេល៣សប្ដាហ៍ ហើយការចេញសាលក្រមសម្រេចអាចនឹងត្រូវចំណាយពេលយ៉ាងហោច១ខែបន្ទាប់ពីការបិទបញ្ចប់សវនាការ។
គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភាអភិរក្សនិយមមួយក្រុមរបស់ថៃ ក៏បានដាក់ញត្តិមួយទៅកាន់តុលាការធម្មនុញ្ញថៃ ដើម្បីទាមទារឱ្យទម្លាក់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចេញពីតំណែងផងដែរបន្ទាប់ពី ការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន៕