(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកម្ពុជា បានទម្លាយអាថ៌កំបាំងមួយ ដែលសម្ដេចសម្រេចចិត្តថតសំឡេងសន្ទនាជាមួយនាករដ្ឋមន្រ្តីថៃ ក៏ព្រោះតែកាលពីចរចាសម្របសម្រួលនៅតំបន់មុំ៣ ដែលមានលោកជំទាវនាយករដ្ឋមន្ត្រីថៃ ព្រមទាំងលោក ថាក់ ស៊ីន និងលោកស្រី យីងឡាក់ ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ បានស្នើសុំសម្ដេច ឱ្យមានការកែសម្រួលទ័ពនៅមុំ៣ ហើយក៏បានអរគុណសម្តេចផងដែរ។ ប៉ុន្តែចុងក្រោយថៃ បានផ្សាយបំភ្លៃថា កម្ពុជា ដកទ័ព។ ត្រង់ចំណុចនេះហើយដែលសម្តេច បានចាត់ទុកទង្វើនេះជាការបោកប្រាស់ ហើយសម្ដេចត្រូវប្រុងប្រយ័ត្ន និងត្រូវមានតម្លាភាពជាមួយប្រជាជនកម្ពុជា តាមរយៈការថតសំឡេងជាភស្តុតាងការពារខ្លួន។

ការបញ្ជាក់របស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកម្ពុជាបែបនេះ បានធ្វើឡើងនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សា ខេត្ត/ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា៖ «ខ្ញុំនឹកឃើញថា ខ្ញុំត្រូវបានគេបោកប្រាស់ម្ដងរួចហើយ ដូច្នេះម្ដងនេះខ្ញុំត្រូវតែថតទុក។ កន្លែងណាទៅដែលនិយាយពីបញ្ហាបោកប្រាស់? យើងបានស្រុះស្រួលគ្នា ធ្វើការកែសម្រួលកម្លាំងនៅមុំ៣ ថ្ងៃនោះខ្ញុំពិបាកនឹងពន្យល់ណាស់ ពេលហ្នឹងទាំង ថាក់ ស៊ីន ទាំង អ៊ុង អ៊ីង ដែលជានាយករដ្ឋមន្រ្តី ទាំង យីងឡាក់ ដែលជាអតីតនាយករដុ្ឋមន្រ្តី កំពុងនៅឌូបៃ សុទ្ធតែហៅទូស័ព្ទមកអរគុណខ្ញុំអំពីការកែសម្រួលនេះ។ ពេលហ្នឹងនាយករដ្ឋមន្រ្តីក៏ហោះចេញទៅ ហើយខ្ញុំបានប្រាប់ថា នេះមិនមែនជាការដកទ័ពទេ ជាការកែសម្រួលកងទ័ព ប៉ុន្តែបែជានៅទីក្រុងបាកក ប្រើប្រាស់ភាសា កម្ពុជាដកកងទ័ព»

ចំណុចនេះហើយ ដែលសម្ដេចបានអះអាងថា៖ «ខ្ញុំត្រូវគេបោក ត្រូវគេកុហក់ ដូច្នេះខ្ញុំត្រូវតែមានតម្លាភាពជាមួយពលរដ្ឋខ្ញុំ ខ្ញុំត្រូវតែមានគណនេយ្យភាពជាមួយមេដឹកនាំរបស់ខ្ញុំ ខ្ញុំថតសំឡេង ហើយទូរស័ព្ទខ្ញុំវាអូតូ Record ដូច្នេះថតសំឡេង»

យ៉ាងណាមិញសម្ដេចបានបញ្ជាក់ជាថ្មីថា កិច្ចសន្ទនានោះ សម្ដេចមិនមានចេតនាចង់បញ្ចេញនោះទេ ក៏ប៉ុន្តែដោយសារតែការប្រមាថមកលើថ្នាក់ដឹកនាំកម្ពុជា ដែលត្រូវបាននាយករដ្ឋមន្រ្តីថៃ វាយប្រហារថា មិនមានជាអ្នកនយោបាយគ្នាវិជ្ជាជីវៈ ឬ Unprofessional ទើបនាំអ្នកខឹង ហើយនាំឱ្យមានការបែកធ្លាយសំឡេងសន្ទនារយៈពេល៩នាទីនោះ៕