(ភ្នំពេញ)៖ កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន នូវព្រះរាជក្រឹត្យត្រាស់ ត្រាស់បង្គាប់តែងតាំងលោក ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
លិខតរបស់កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម មានខ្លឹមសារថា៖ «ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយបង្គំសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅ ប្រកប ដោយភក្តីភាពដ៏ស្មោះត្រង់ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសដ៏វិសេសវិសាល ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជក្រឹត្យត្រាស់ បង្គាប់តែងតាំងទូលព្រះបង្គំជាខ្ញុំ ជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
ព្រះរាជត្រាស់បង្គាប់តែងតាំងមុខតំណែងដ៏វិសេសវិសាលឧត្តមថ្លៃថ្លានេះ គឺជាការប្រោសព្រះរាជទាន នូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ។ ទូលព្រះបង្គំជាខ្ញុំ តែងតែចងចាំជានិច្ចនូវ ព្រះមហាករុណាធិគុណនិងព្រះរាជទសពិធរាជធម៌ ដែលព្រះអង្គតែងប្រោសព្រះរាជទានជាដរាបដល់ឥស្សរជន សព្វមុខមន្ត្រី និងអាណាប្រជានុរាស្ត្រជាកូនចៅនៃព្រះអង្គ។ ជាកិច្ចថ្វាយតបនូវព្រះរាជគុណ និងព្រះរាជព្រហ្មវិហារធម៌ដ៏ថ្លៃថ្លានៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំសូមក្រាបបង្គំថ្វាយនូវស្វាមីភក្តិដ៏ស្មោះត្រង់បំផុត និងជាដរាបចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និង ព្រះរាជបល្ល័ង្គ។
ជាទីបញ្ចប់ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយ នូវព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្្លាតឡើយ ដើម្បីស្តេចគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជាជាតិខ្មែរតទៅ។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាទទួលនូវស្វាមីភក្តិ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ពីទូលព្រះបង្គំជាខ្ញុំ»៕