(បាត់ដំបង)៖ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនដល់វរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៥។

ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការយោធភូមិភាគទី៥ ស្ថិតក្នុងក្រុងបាត់ដំបង។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានរាយការណ៍អំពីស្ថានភាពមួយចំនួន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅយោធភូមិភាគទី៥ ព្រមទាំងបានថ្លែង អំណរគុណជូនចំពោះនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ និងប្រតិភូអមដំណើដែលបាននាំយកថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគនានាផ្តល់ជូនវរកងទ័ពកម្ពុជា។

លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ បានប្តេជ្ញាចិត្តរួចជាស្រេចក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ មិនឱ្យបាត់បង់ សូម្បីមួយមីលីម៉ែត្រ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ប្រកបដោយភាពម៉ឺងម៉ាត់ និងលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន។

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានផ្ដាំផ្ញើសាកសួរសុក្ខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជាកិច្ចកាលសម្ដេច តែងតែគិតគូរគ្រប់បែបយ៉ាងដល់ សុខទុក្ខរបស់កងទ័ព។

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានកោតសរសើរវរកងទ័ពកម្ពុជាទាំងអស់ ដែលបានប្តេជ្ញាចិត្តដ៏មោះមុត និងអង់អាចក្លាហានដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា។

នាយឧត្តមសេនីយ៍បណ្ឌិត បានផ្តាំផ្ញើនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវពង្រឹងគោលជំហរ ឱ្យបានរឹងមាំ ដោយគោរពវិន័យ ពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ និងគោរពបទបញ្ជារបស់ថ្នាក់លើ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕