(ភ្នំពេញ)៖ ខួបលើកទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា បានឈានមកដល់នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងដំណើរដ៏វែងឆ្ងាយនៃការត្រួសត្រាយផ្លូវ ដើម្បីបុព្វហេតុជាតិ និងប្រជាជន, គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ឧបសគ្គច្រើនស្អេកស្កះរាប់មិនអស់ តាំងពីការតស៊ូប្រឆាំងអាណានិគមនិយម, សង្គ្រាមជិត៣០ឆ្នាំ ក្រោយរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០, ការបន្តបន្សាបឥទ្ធិពលមនោគមវិជ្ជាបំផ្លាញជាតិរបស់ក្រុមជ្រុលនិយម និងវេលាចុងក្រោយនេះ ការរារាំងមហិច្ឆតាថៃ ដែលចង់លេបទឹកដីកម្ពុជាថែមទៀត។ Fresh Exclusive មានសេចក្តីរាយការណ៍ស្រាវជ្រាវស៊ីជម្រៅ៖

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជា (CPP) ប្រារព្ធខួបលើកទី៧៤ របស់ខ្លួន ដែលជាព្រឹត្ដិការណ៍ដ៏ជ្រាលជ្រៅក្នុងដំណើររបស់ជាតិ ដែលបង្ហាញដោយការតស៊ូ ភាពធន់ និងភាពជោគជ័យ។ ពីការចាប់ផ្តើមរបស់ខ្លួនដំបូង ក្នុងនាមជាគណបក្សប្រជាជនបដិវត្តន៍ខ្មែរនៅឆ្នាំ១៩៥១ ក្នុងរង្វង់ភ្លើងកំហឹងនៃការតស៊ូប្រឆាំងអាណានិគម, គណបក្សប្រជាជន បានវិវត្តទៅជាស្ថាប័ននយោបាយ ដែលស្ថិតស្ថេរបំផុតរបស់ប្រទេសកម្ពុជា និងជាចំណុចកណ្តាលនៃការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប។

* ដើមកំណើតនៃការតស៊ូ៖ ពីការតស៊ូអាណានិគម ទៅឯករាជ្យជាតិ

គណបក្សប្រជាជនកម្ពុជា កើតចេញពីចលនាស្នេហាជាតិរបស់កម្ពុជា ប្រឆាំងអាណានិគមនិយមបារាំង។ ក្នុងការកសាងខ្លួននៅក្នុងឆ្នាំ១៩៥១ គណបក្ស បានកត់សម្គាល់នូវពេលវេលាដ៏សំខាន់មួយក្នុងការពូនប្រមូលផ្តុំរបស់ជាតិ ដើម្បីការពារខឿនអធិបតេយ្យភាពជាតិ ខណៈគណបក្ស បានរៀបចំនិងបំផុសគំនិតប្រជាជន ដើម្បីឱ្យធ្វើការទាមទារឯករាជ្យ និងការសម្រេចចិត្តដោយខ្លួនឯង។ គឺនៅដើមទស្សវត្សរ៍នោះហើយ គេបានឃើញកម្មាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ធ្វើកិច្ចការលាក់ខ្លួននៅក្នុងស្រមោលនៃការគាបសង្កត់, ការកសាងបណ្តាញទូទាំងប្រទេស និងបានរួមចំណែកយ៉ាងធំធេង ដល់ការសម្រេចបានឯករាជ្យពេញលេញរបស់ប្រទេសកម្ពុជានៅឆ្នាំ១៩៥៣។ ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ នៅចំពេលដែលមានបរិយាកាសសង្គ្រាមត្រជាក់ក្នុងតំបន់ដ៏ច្របូកច្របល់ គណបក្សនៅតែប្តេជ្ញារក្សាឯករាជ្យភាពរបស់ប្រទេសកម្ពុជា និងជួយធ្វើកិច្ចការទាំងឡាយ ដើម្បីរក្សាអព្យាក្រឹតភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពនយោបាយសង្គម។

* ឆ្នាំនៃសង្រ្គាម៖ ការតស៊ូប្រឆាំងអំពើក្បត់ជាតិ និងការប្រល័យពូជសាសន៍

នៅពេលដែលរដ្ឋប្រហាររបស់បនក្បត់ លន់ នល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលបានផ្ដួលរំលំរបបរាជានិយម និងបានចងសម្ព័ន្ធភាពកម្ពុជាជាមួយមហាអំណាចបរទេស ដោយបានធ្វើឲ្យប្រទេសជាតិរបស់ខ្លួនឯង ធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលនោះ គឺគណបក្សប្រជាជនកម្ពុជា បានដឹកនាំកម្លាំងតស៊ូក្នុងការការពារកិត្តិយសជាតិ។ ខណៈថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលគេបានឃើញជ័យជំនះរបស់កម្លាំងតស៊ូលើរបបដឹកនាំក្បត់ជាតិ លន់ នល់ នោះ ភាពរីករាយនៃសន្តិភាព បែរជាត្រូវបានរលត់ទៅវិញ យ៉ាងឆាប់រហ័ស ដោយសារតែការគ្រប់គ្រងដ៏ឃោរឃៅរបស់ខ្មែរក្រហម បានចូលប្លន់យកសេចក្តីប្រាថ្នារបស់ប្រជាជន និងអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ ក្រោមការដាក់ឈ្មោះថា «របបកម្ពុជាប្រជាធិបតេយ្យ»

ក្នុងយុគសម័យ ដែលកំពុងតស៊ូប្រឆាំង «របបកម្ពុជាប្រជាធិបតេយ្យ» នោះ គណបក្សប្រជាជនកម្ពុជា ដែលពេលនោះ បានប្រតិបត្តិការរបស់ខ្លួននៅក្នុងជួររណសិរ្សសាមគ្គីសង្គ្រោះជាតិ បានប្រមូលផ្តុំការតស៊ូពីកម្លាំងខាងក្នុងផង និងពីខាងក្រៅប្រទេសផង ដើម្បីការរួបរួមគ្នាប្រឆាំងរបបប្រល័យពូជសាសន៍។
ក្នុងសម័យតស៊ូប្រឆាំងនឹងរបបប៉ុលពត ប្រវត្តិសាស្ត្របានចារឹក នូវការចាកចេញតស៊ូរបស់សមមិត្ត ហ៊ុន សែន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលប្រវត្តិតស៊ូ របស់លោកនាពេលនោះហើយ គឺជាចំណុចចាប់ផ្តើមនៃរបត់ប្រវត្តិសាស្ត្រ នាំប្រទេសមកកាន់ភាពរុងរឿងក្នុងសម័យទំនើបនេះ។ ដំណើរចេញតស៊ូរបស់សមមិត្ត ហ៊ុន សែន និងដែលក្រោយមក ក៏មានកម្លាំងបះបោរនៅភូមិភាគបូព៌ាដឹកនាំដោយសមមិត្ត ហេង សំរិន និងសមមិត្ត ជា ស៊ីម បានបង្កលក្ខណៈអោយកម្លាំងតស៊ូកាន់តែរីកធំឡើងៗជាលំដាប់, ហើយនៅទីចុងបំផុត បានឈានទៅដល់ការផ្តួលរំលំរបប ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជំនះនាពេលនោះ ទោះបីបានកើតឡើងក្នុងតម្លៃដ៏ធំធេងក៏ពិតមែន ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើម នៃការរស់ឡើងវិញរបស់ជាតិខ្មែរតែប៉ុណ្ណោះ ពីព្រោះសន្តិភាពនៅតែស្ថិតក្រោមការ គំរាមកំហែងជាដដែល ដោយសារតែសហគមន៍អន្តរជាតិធ្វើ ខ្វាក់ គ និងថ្លង់ ចំពោះសភាពការណ៍ពិតរបស់កម្ពុជា។

* ការកសាងជាតិ ផ្តើមចេញពីគំនរផេះផង់

ក្រោយពីផ្តួលរំលំអំរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជា បានប្រឈមមុខនឹងកិច្ចការដ៏មហិមា ក្នុងការកសាងប្រទេសដែលបែកបាក់ ស្វែងរកសន្តិភាព និងការបង្រួបបង្រួមគ្នាសាឡើងវិញ។ ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចដែលខ្ទេចខ្ទាំ, ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ ត្រូវបានរំលាយអស់ទាំងស្រុង និងមនុស្សជាង៣លាននាក់ ដែលត្រូវបានបាត់បង់ជីវិត ហើយធនធានមនុស្សដែលជាបញ្ញវ័ន្ត និងអ្នកចេះដឹងខ្ពង់ខ្ពស់ មានសេសសល់ជីវិតតិចតួចបំផុតនោះ, បក្សបានដាក់ចេញនូវមូលដ្ឋានគ្រឹះសម្រាប់កសាងសង្គមថ្មីមួយ ពោលគឺការជួយធ្វើយ៉ាងណា ដើម្បីឱ្យសង្គមបានរស់ឡើងវិញលើវិស័យអប់រំ ការថែទាំសុខភាព កសិកម្ម និងអភិបាលកិច្ច ដែលពេលនោះការចាប់ផ្តើមគឺមានតែបាតដៃទទេសុទ្ធសាធ។

ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ ដែលប្រទេសបានរងនឹងសង្គ្រាមស៊ីវិល និងរងការដាក់ទណ្ឌកម្មជាអន្តរជាតិថែមទៀតនោះ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីជាស្នូលដ៏សំខាន់ក្នុងការស្វែងរកដំណោះស្រាយនយោបាយ តាមរយៈការចរចាដើម្បីពន្លឺសន្តិភាព។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺជាឥស្សរជននយោបាយដ៏លេចធ្លោមួយរូប ក្នុងកិច្ចការជួយរកសន្តិភាពដល់ប្រទេសកម្ពុជា។ ចាប់តាំងពីខែតុលាឆ្នាំ១៩៨៧ ដែលសម្តេចតេជោក្នុងតំណែងជានាយករដ្ឋមន្ត្រី នាពេលនោះបានដាក់ចេញសេចក្តីប្រកាស៥ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជា និងបាននាំឱ្យមានជំនួប «សីហនុ-ហ៊ុន សែន» លើកដំបូងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង។ គំនិតផ្តួចផ្តើមនោះហើយ បានបើកផ្លូវដល់ដំណើរការចរចាពិតប្រាកដ ឆ្ពោះទៅរកដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ឬ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស បាននាំកម្ពុជាឈានដល់ការបោះឆ្នោតសកលខែឧសភា ឆ្នាំ១៩៩៣ និងជួយកម្ពុជាអនុម័តនូវរដ្ឋធម្ននុញ្ញថ្មី ដែលគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

ក្រោយការបញ្ចប់បេសកកម្ម UNTAC ចាកចេញពីកម្ពុជា ដោយបន្សល់ទុកនូវក្រុមភាគីខ្មែរក្រហម ដែលបន្តធ្វើព្យុះភ្លៀងរបស់ខ្លួននិងបន្តសង្គ្រាមស៊ីវិលថែមទៀតនោះ, គឺនៅដើមឆ្នាំ១៩៩៦ សម្តេចតេជោ បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកការបញ្ចប់សង្គ្រាមស៊ីវិល។ រយៈពេល ១,០៥២យប់និងថ្ងៃ, នយោបាយឈ្នះឈ្នះ មិនត្រឹមតែបានរំលាយ ចលនាក្រុមឧទ្ទាមខ្មែរក្រហមអស់ទាំងស្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យសង្គ្រាមស៊ី វិលឆាបឆេះរយៈពេលជិត៣០ឆ្នាំបានបញ្ចប់ និងទឹកដីធ្លាប់តែមានតំបន់អបគមន៍ បានក្លាយជាទឹកដីឯកភាពទាំងស្រុងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែររយៈពេល៥០០ឆ្នាំចុងក្រោយនេះ។ នយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមស៊ីវិល បានធ្វើឱ្យប្រទេសមានសន្តិភាពពិតប្រាកដលើកដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

* ប្រជាជាតិបានផ្លាស់ប្តូរមុខមាត់

ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, ប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់៖

១/ ស្ថិរភាពនយោបាយ៖ ការបោះឆ្នោតទៀងទាត់ និងដោយសន្តិវិធីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានពង្រឹងជាស្ថាបត្យកម្មប្រជាធិបតេយ្យរបស់កម្ពុជាដ៏ពិតប្រាកដ។

២/ កំណើនសេដ្ឋកិច្ច៖ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមប្រមាណ៧% ដែលភាគច្រើនមានក្នុងទសវត្សរ៍២០០០ និង២០១០ កម្ពុជាបានឈានចេញពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ ប្រទេសកម្ពុជា បានបង្ហាញពីមហិច្ឆតាដ៏រឹងមាំរបស់ ខ្លួន នៅក្នុងការសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

៣/ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៖ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ថ្នល់ ស្ពាន អាកាសយានដ្ឋាន និងបណ្តាញថាមពល ត្រូវបានរៀបចំកាន់តែប្រសើរខ្លាំងឡើយឡើង ដោយភ្ជាប់ប្រជាជនពីជនបទ មកទីក្រុង និងទាក់ទាញការវិនិយោគពីបរទេស។

៤/ វឌ្ឍនភាពសង្គម៖ ការពង្រីកផ្នែកថែទាំសុខភាព ការអប់រំ និងការការពារសង្គមបានធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត និងកាត់បន្ថយអត្រាភាពក្រីក្របានច្រើនគួរឱ្យកត់សម្គាល់។

៥/ ការឆ្លើយតបកូវីដ-១៩៖ ការគ្រប់គ្រងជំងឺរាតត្បាតរបស់កម្ពុជា ត្រូវបានកោតសរសើរយ៉ាងទូលំទូលាយ រួមទាំងការទូតផ្នែកវ៉ាក់សាំង ដែលដឹកនាំដោយរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលថែមទាំងបានផ្តល់ជំនួយវ៉ាក់សាំងនេះ ដល់ប្រទេសជិតខាងក្នុងតំបន់ថែមទៀត។

៦/អ្នកការពារអធិបតេយ្យជាតិ និងរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ៖ គណបក្សប្រជាជនកម្ពុជា គឺជាអ្នកការពារឯករាជ្យ បូរណភាពទឹកដី និងរក្សាសណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ គណបក្សប្រជាជនកម្ពុជា ការពារយ៉ាងខ្ជាប់ខ្ជួននូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បេតិកភណ្ឌព្រះពុទ្ធសាសនា និងរក្សាគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធ ខណៈបន្តជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសជិត និងឆ្ងាយទូទាំងពិភពលោក។

៧/ គណបក្សជួយពង្រឹងឯកភាពជាតិ៖ ជាស្នូលរបស់ជាតិដែលមិនអាចខ្វះបាន, គណបក្សប្រជាជន នៅតែជាគណបក្សបង្រួបបង្រួមជាតិ អភិបាលកិច្ចរួមនិងស្ថិរភាព។ កេរដំណែលរបស់គណបក្ស ត្រូវបានផ្សារភ្ជាប់ជាមួយនឹងដំណើរផ្ទាល់ខ្លួនរបស់ប្រជាជនកម្ពុជា ដែលនាំប្រទេសចេញពីសង្គ្រាម ភាពបែកបាក់ ឆ្ពោះទៅកាន់សន្តិភាព និងការអភិវឌ្ឍ។ ដូចសម្តីពលរដ្ឋខ្មែរតែងនិយាយថា «ទីណាមានគណបក្សប្រជាជនកម្ពុជា ទីនោះមានសន្តិភាព និងការអភិវឌ្ឍ»

* សម្លឹងទៅមុខ៖ ចក្ខុវិស័យឆ្នាំ២០៥០

ជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួន លើបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងចក្ខុវិស័យដ៏មោះមុតសម្រាប់អនាគត គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស ក្រោមការកាច់ចង្កូតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃអាណ្ណត្តិទី៧ របស់រដ្ឋសភា បានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងគោលបំណងឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ជំរុញដោយការច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការបន្តរបស់បក្ស ការផ្លាស់ប្តូរជំនាន់ និងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរសកល គឺជាសញ្ញានៃភាពចាស់ទុំ និងភាពរឹងមាំ នៃស្ថាប័នរបស់គណបក្សប្រជាជនកម្ពុជា។ នៅពេលដែលគណបក្សប្រជាជនកម្ពុជាប្រារព្ធខួបលើកទី៧៤ របស់ខ្លួននៅឆ្នាំ២០២៥នេះ កេរដំណែលរបស់បក្ស បានឈរជាសក្ខីភាពនៃការរស់រានមានជីវិតរបស់ជាតិ ការដឹកនាំ និងការផ្លាស់ប្តូរ ពីសង្គ្រាមនាំមកនូវសន្តិភាព និងពីភាពលំបាកនាំមកនូវវឌ្ឍនភាព។

បើទោះបីជាពិភពលោក កំពុងប្រឈមមុខនូវភាពមិនច្បាស់លាស់នៃអនាគតរបស់ខ្លួនយ៉ាងណាក៏ដោយ, ទោះបីជាមហិច្ឆតាថៃ នៅបន្តចង់ប្លន់ដណ្តើមយកដីនិងប្រាសាទបុរាណខ្មែរ តាមបណ្តោយព្រំដែនភាគខាងលិចក៏ដោយ ប៉ុន្តែឱ្យតែប្រទេសមានគណបក្សប្រជាជនកម្ពុជា ស្ថិតនៅជាបេះដូងរបស់យើងទាំងអស់គ្នា នាវាជាតិកម្ពុជារបស់យើងនៅតែបន្តបោះពួយទៅកាន់ត្រើយសុភមង្គល។ គន្លឹះនៃជោគជ័យនេះ គឺយើងមានគណបក្សប្រជាជនកម្ពុជា ជាគ្រឹះនយោបាយរឹងមាំនៃការដឹកនាំប្រទេស។ ដូចស្លោកដែលកំពុងលេចធ្លោយ៉ាងខ្លាំងក្នុងសង្គម ដែលនិយាយថា៖ «ទីណាមានគណបក្សប្រជាជនកម្ពុជា ទីនោះមានសន្តិភាព និងការអភិវឌ្ឍ»