(ភ្នំពេញ)៖ លោក យិច សមិទ្ធិ សមាជិក គ.ជ.ប បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលមានបិទផ្សាយនៅតាមឃុំ សង្កាត់ ឬនៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងតាមកម្មវិ ធីទូរស័ព្ទឆ្លាត (Mobile App) NECKH ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥៕
ភាគីដែលចូលរួមក្នុងកិច្ចប្រជុំបានលើកជាសំណួរទាក់ទងនឹងចំនួនអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោត តើសំអាងលើអ្វី?
តំណាង គ.ជ.ប បានឆ្លើយបញ្ជាក់ចំពោះសំណួរខាងលើនោះថា អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចំនួន ១៦៣.០៣៤នាក់ គ្រាន់តែជា តួលេខប៉ាន់ស្មាន នៅឡើយទេ គ.ជ.ប មិនទាន់លុបឈ្មោះទេ គឺបញ្ជីឈ្មោះនោះទុកបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ រួចត្រូវធ្វើការដោះស្រាយតាមនីតិវីធី ហើយមុននឹង គ.ជ.ប សម្រេចលុបឈ្មោះគឺផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់។
ការអំពាវនាវបែបនេះរបស់លោក យិច សមិទ្ធិ បានធ្វើឡើងក្នុងឱកាសលោកបាមដឹកនាំដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង នៅព្រឹថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
លោក យិច សមិទ្ធិ បានលើកឡើងថាដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់រយៈពេល ២៦ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ដោយមានកិច្ចសហការល្អពីអាជ្ញាធរមានសមត្ថកិច្ច គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក៏ប៉ុន្តែដំណើរការនៃការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ មិនទាន់បញ្ចប់នៅឡើយទេ។
ការងារដែល គ.ជ.ប ត្រៀមអនុវត្តបន្តនៅពេលខាងមុខ គឺការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ និងការងារចុងក្រោយ គឺការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត។
លោកបានបន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោ តដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ក្នុងឃុំ សង្កាត់នីមួយៗ មានចំនួន ៣ច្បាប់៖
*បិទផ្សាយ ១ច្បាប់ នៅតាមសាលាឃុំ សង្កាត់
*បិទផ្សាយ ១ ច្បាប់ នៅទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់
*និង១ ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់របស់ក្រុមប្រឹក្សាឃុំ សង្កាត់។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការពិនិត្យមើលឈ្មោះ និង ទិន្នន័យនៅក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត គ.ជ.ប បានបង្ហោះបញ្ជីទាំងពីរនេះ នៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងតាមកម្មវិធីទូរស័ព្ទឆ្លាត (MobileApp) NEC KH ។
លោក យិច សមិទ្ធិ បានបញ្ជាក់ថា ដើម្បីធានាការសម្ងាត់ សន្តិសុខ សុវត្ថិភាពទិន្នន័យអត្តសញ្ញាណអ្នកបោះឆ្នោត បញ្ជីបោះឆ្នោតដំបូងដែលត្រូវបង្ហោះបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោត អត្តលេខ លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ/និងលេខឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) បង្ហាញតែលេខ ៣ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែ ឆ្នាំកំណើតរបស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ ហើយសម្រាប់បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នឹងមានបង្ហាញបន្ថែមនូវការបញ្ជាក់ពីមូលហេតុ ដែលត្រូវលុបនៅលើនោះ និងមានសញ្ញាខ្វែងពណ៌ក្រហមនៅលើបញ្ជីឈ្មោះ។
លោក យិច សមិទ្ធិ បានបន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹ ងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៥ នឹងត្រូវធ្វើនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ដែលការបិទផ្សា យត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។ គោលដៅនៃការបិទផ្សព្វផ្សាយបញ្ជីឈ្មោះទាំងនោះគឺដើម្បីឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយទៅពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ហើយអាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។
លោក យិច សមិទ្ធិ ក៏បានជម្រាបជូនអំពីលទ្ធផលបណ្តោះអាសន្នក្នុងដំណាក់កាលនៃការបិទ ផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៥។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះ មានចំនួន ១០.១៦២.២១០នាក់ ស្មើនឹង ៩០,៥០% ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងទៅ ក្នុងនោះស្រ្តីមានចំនួន ៥.៣៩៣.២៩៩នាក់។ អ្នកចុះឈ្មោះបោះឆ្នោតថ្មីសរុបចំនួន ២២៣.៩០៦នាក់ អ្នកកែតម្រូវទិន្នន័យជីវប្រវត្តិសរុបចំនួន ១.៣៤០.៨៨៧នាក់ អ្នកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រសរុបចំនួន ២.៥៦២.៤៨៧នាក់ និងមានការិយាល័យបោះឆ្នោតចំនួន ២៤.២៣៥ការិយាល័យ។
ដោយឡែកអ្នកបោះឆ្នោ តដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុផ្លាស់ទីលំនៅចេញអ្នកដែល បានទទួលមរណភាពមានឈ្មោះស្ទួន និងអ្នកដែលត្រូវបានដកសិទ្ធិបោះឆ្នោត ត្រូវធ្វើឡើងដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួន១៦៣.០៣៤នាក់។
សម្រាប់គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយមានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ ។ ម្យ៉ាងទៀតគណបក្សនយោបាយក៏អាចស្នើសុំបញ្ជីបោះឆ្នោតដំបូងនេះ តាមទម្រង់ PDF ដែលមានបង្ហាញតែឈ្មោះ និ ង លេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោត អត្តលេខ លេខ អ.ខ ឬ/និងលេខ ឯ.អ បង្ហាញតែលេខ ៣ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើត របស់អ្នកបោះឆ្នោតប៉ុណ្ណោះ។
អំពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោ ត ឆ្នាំ២០២៥ ឯកឧត្តម យិច សមិទ្ធិ បានមានប្រសាសន៍ថា ជនណាក៏ដោយមានសិទ្ធិប្ដឹងតវ៉ា ឬ/និង ប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរតាមពាក្យបណ្តឹង (ទ.១ ២ ០ ២) ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ។
ចំពោះយន្តការនៃការដោះស្រាយពាក្យបណ្តឹង, លោក យិច សមិទ្ធិ បានបញ្ជាក់ថា សមត្ថកិច្ចក្នុងការទទួល និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះមាន៣ថ្នាក់ គឺនៅក្រុមប្រឹក្សាឃុំ សង្កាត់ នៅ គ.ជ.ប និងនៅក្រុមប្រឹក្សាធម្មនុញ្ញ។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចស្ថា ពរបិទផ្លូវតវ៉ា។ ការដោះស្រាយពាក្យបណ្តឹងទាំងអស់ត្រូវធ្វើឡើងស្របតាមបទបញ្ជា និងនីតិវិធីទាក់ទងនឹងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់៕