(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដឹកនាំដោយលោកបណ្ឌិត Dato’ Sri Ricky Yaw ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ និងកាលានុវត្តភាពសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូ MCBA និងបានជម្រាបជូនអំពីសាវតាក៏ដូចជារចនាសម្ព័ន្ធដឹកនាំជាន់ខ្ពស់នៃ ក.អ.ក.។ លោកក៏បានរំលេចអំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគរួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្ម វ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបើកភាពចំហរ និងផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់សកម្មភាពវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ជាប្រភពនៃថាមពលស្អាតកកើតឡើងវិញ ហើយត្រូវបានរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។

ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបទៅកាន់គណៈប្រតិភូធុរជនម៉ាឡេស៊ី អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេសដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ សំដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្មក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា(ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

បន្ទាប់ពីបានស្តាប់ប្រសាសន៍លើកឡើងយ៉ាងក្បោះកាយរបស់ លោកឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូបានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក.អ.ក.ផ្ទាល់ ក្នុងការសម្របសម្រួលថែទាំគាំទ្រដល់វិនិយោគិនដែលបានដាក់ទុនវិនិយោគ និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដែលទាំងអស់នេះជាមូលដ្ឋានធ្វើឱ្យអ្នកដែលមានបំណងដាក់ទុនវិនិយោគនាពេលអនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ។

គណៈប្រតិភូធុរជនម៉ាឡេស៊ី បានបង្ហាញនូវអារម្មណ៍កក់ក្តៅចំពោះការឆ្លើយតបរបស់លោកឧបនាយករដ្ឋមន្ត្រី ទៅកាន់សំនួរដែលបានលើកឡើង ដោយបានបញ្ជាក់ថា ពិតជាបរិបូរណ៍ដោយព័ត៌មានពិតប្រាកដជំរុញឱ្យមានការចាប់អារម្មណ៍ខ្ពស់ និងស្រាយបំភ្លឺនូវរាល់ចម្ងល់ផ្សេងៗ ក៏ដូចជាផ្នត់គំនិតចាស់ៗដែលធ្លាប់មានមកលើកម្ពុជានាពេលកន្លងមក។

ក្នុងឱកាសនៃជំនួបនេះ លោកប្រធានសមាគមធុរកិច្ច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងថ្នាក់ដឹកនាំ ក.អ.ក. ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។

លោកប្រធានសមាគមបានគោរពជម្រាបជូនថា សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ត្រូវបានបង្កើតឡើងជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹងភាពជាដៃគូរវាងធុរជន-វិនិយោគិននៃប្រទេសទាំងពីរ ហើយនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាឱកាសនេះ លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចដែលបានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ រួមមាន៖ សហគ្រាសធុនតូច និងមធ្យម (SMEs), ម៉ាកយីហោលំដាប់សកលរបស់ម៉ាឡេស៊ី, ការកែច្នៃផលិតផលកសិកម្ម, សង្ហារឹម, សំណង់ និង អចលនទ្រព្យ , អប់រំ, និង សុខាភិបាលជាដើម៕