(កំពង់ធំ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបប្រមាណ៤២នាក់ មកពីអង្គការមនុស្សធម៌នៃក្តីស្រលាញ់ ប្រទេសសិង្ហបុរី ចុះពិនិត្យ និងព្យាបាលភ្នែក-ត្រចៀក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹង សុខមាលភាពប្រជាពលរដ្ឋ ឆ្ពោះទៅ ការគ្របដណ្តប់សុខភាពជាសកល។

ការចុះពិនិត្យព្យាបាលភ្នែក-ត្រចៀក ជូនប្រជាពលរដ្ឋនៅស្រុកសន្ទុកនេះ ធ្វើឡើងក្រោមការចូលរួមពីលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងកម្មវិធីពិនិត្យ និងព្យាបាល ភ្នែក-ត្រចៀក នៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

លោក ស៊ុំ សន្និសិទ្ធ បានថ្លែងឲ្យដឹងថា វិស័យសុខាភិបាល ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ត្រូវបាននិងកំពុងបន្តពង្រឹងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងពង្រឹងសុខមាលភាពប្រជាពលរដ្ឋ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។

លោកបានថ្លែងបន្ដថា គិតចាប់ពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជំនាញខាងភ្នែក-ត្រចៀកជាច្រើន ទាំងក្នុងស្រុក និងបរទេសដូចជា មកពីមូលនិធិចក្ខុខ្មែរ មូលនិធិរក្សាកុមារ អង្គការផ្តល់នូវក្ដីសង្ឃឹមកម្ពុជា ក្រុមគ្រូពេទ្យជំនាញមកពីចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ អង្គការជំនួយមនុស្សធម៌សុខភាពអូស្ត្រាលី និងក្រុមគ្រូពេទ្យ សិង្ហបុរី ដែលបានមកបំពេញបេសកកម្មពិនិត្យ ព្យាបាលភ្នែកនិងត្រចៀក ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានប្រមាណជាង៧ពាន់នាក់ ហើយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ប្រកបដោយភាពរីករាយ និងស្នាមញញឹមប្រកបដោយក្តីសង្ឃឹម។

លោកបានបន្តទៀតថា បញ្ហានេះធនាគារជាតិនៃកម្ពុជា បានប្រឹងប្រែងបន្តបំពេញបេសកកម្មមនុស្សធម៌នេះជាទៀងទាត់ នៅពេល មានឱកាស និងធនធានអំណោយផលដូចពេលកន្លងមក ប៉ុន្តែជាអកុសល នៅពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ បេសកកម្ម នេះត្រូវបានផ្អាកអស់រយៈពេល២ឆ្នាំ គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១។ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងបាន ធនាគារជាតិនៃកម្ពុជា ក៏បានប្រឹងប្រែងធ្វើការទំនាក់ទំនង ទៅកាន់បណ្ដាដៃគូជាអង្គការមនុស្សធម៌ឡើងវិញ ដើម្បីបន្តបេសកកម្ម នៃការផ្តល់ស្នាមញញឹម ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ឡើងវិញចាប់ពីឆ្នាំ២០២២។

លោក ស៊ុំ សន្និសិទ្ធ បន្ថែមបញ្ជាក់ថា ជាក់ស្ដែងថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបប្រមាណ៤២នាក់ មកពីអង្គការមនុស្សធម៌ នៃក្តីស្រលាញ់របស់ប្រទេសសិង្ហបុរី, មូលនិធិចក្ខុខ្មែរ, និងអង្គការផ្ដល់នូវក្តីសង្ឃឹមកម្ពុជា រួមជាមួយក្រុមយុវជនស្ម័គ្រចិត្តធនាគារជាតិ នៃកម្ពុជា៦០នាក់ទៀត សរុបប្រមាណជាង១០០ នាក់បានផ្ដល់ជូនការពិនិត្យ និងព្យាបាលភ្នែក-ត្រចៀក ដោយឥតគិតថ្លៃជូន អ៊ំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកសន្ទុកប្រមាណជាង១.៤០០នាក់ ឬច្រើនជាងនេះ ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាល។

លោកទេសាភិបាលរងបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា និងជាអ្នកបន្តមរតកដឹកនាំក្រោមដំបូលសន្តិភាពពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម ក្នុងនោះមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្ត្រទី១ ផ្តោតជាសំខាន់ទៅលើ ធនធានមនុស្សដែលរួមមានសុខុមាលភាព ប្រជាជនជាកត្តាចម្បងផងដែរ៕